ប្រជាពលរដ្ឋមួយភូមិស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានកើតទុក្ខមិនសុខចិត្តទៅលើកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលបានរំលោភយកចំណីផ្លូវចូលភូមិធ្វើរបងថ្មហ៊ុំព័ទ្ធដីឡូត៍នៅខាងនិងខាងក្រោយ ហើយបានអោយក្រុមជាងឈើ បោះតង់ បិតផ្លូវ ដាក់ម៉ាស៊ីនជ្រៀកកាត់ឈើធ្វើគ្រឿងសង្ហារឹម ធ្វើអោយប៉ះពាក់ផ្លូវរបស់អ្នកភូមិទាំងមូល ធ្វើដំណើរឆ្លងកាត់មិនបាន។ រីឯផ្ទះរបស់លោកផ្ទះដែលនៅចង្ងាយពីដីឡូត៍ប្រហែល៥០ម៉ែត្រទៀតសោទ ប្រជាពលរដ្ឋបានចោទថា តារាចម្រៀងរូបនេះនិងកូនៗនៅផ្ទះ បានរថយន្ត៤ទៅ៥គ្រឿង បង្កសំឡេងរំខានរោសំឡេងខ្លាំងៗ មកចតលើផ្លូវ រកតែចន្លោះធ្វើដំណើរ មិនកើត ពោលគឺចតបិតផ្លូវតែម្តង ។

ហេតុការណ៍ប្រជាពលរដ្ឋលើកគ្នាជាច្រើនគ្រួសារមកតវ៉ា ទៅលើតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ បានកើតឡើង កាលពីវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី០៤ មិនា ២០២០ នៅចំណុចភូមិច្រេសក្រុម៣ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសម្តីរបស់បងស្រីម្នាក់ ដែលរស់នៅទល់មុខផ្ទះរបស់លោកព្រាប សុវត្ថិបានឲដឹងថា គាត់ពិបាកណាស់ខ្លួនឯងមានរថយន្តជិះហើយបែរជាគ្មានផ្លូវយករថយន្ត បើករថយន្តចូលផ្ទះព្រោះតែក្រុមគ្រួសារលោកព្រាប សុវត្ថិ យករថយន្តមកទុកនៅខាងមុខផ្ទះពេញត្រៀមត្រា ដោយគាត់ក៏បានទទួចសុំចំពោះរឿងនេះដែលតែវាគ្មានផល ទើបគាត់សុខចិត្តចំណាយលុយជារៀងរាល់ខែដើម្បីជួលផ្ទះគេដាក់រថយន្តរបស់គាត់ ។

រីឯអ៊ុំស្រីម្នាក់ទៀតវិញបានអោយដឹងថាដើមឈើក្នុងផ្ទះលោកព្រាប សុវត្ថិ នោះបានធ្លាក់ស្លឹកចូលផ្ទះរបស់គាត់ដែលនៅជាប់របងជាមួយយ៉ាងច្រើន ហើយគាត់ក៏បានសំណូមពរ ទៅលោកព្រាប សុវត្ថិ សុំកាត់មែកឈើណាដែល ចូលមកផ្ទះគាត់ដើម្បីកាត់បន្ថយស្លឹក។
ប្រជាពលរដ្ឋក្នុងភូមិដដែលបានលើកឡើងថា រថយន្តរបស់ក្រុមគ្រួសារលោកព្រាប សុវត្ថិ មានសំលេងបំពងខ្លាំងចេញចូលជាពិសេសនៅពេលយប់ព្រលប់ រំខានដល់ការសំរាន ផ្អើលអស់សូមប្បីតែសត្វ។

ប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានោះ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ
១-រក្សាទំហំផ្លូវ ទៅតាមឯកសាររបស់ភូមិបាល ដែលបានកំណត់
២-ឈប់ ធ្វើរោងឈើបិតផ្លូវ
៣-ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់
៤-កុំអោយមានរថយន្តបំពងលេងស៊ីមាំង លាន់ខ្លាំងៗ។

ពាក់ព័ន្ធករណីនេះ ចាប់តាំងពីប្រជាពលរដ្ឋ សុំការអន្តរាគមន៍ ពីសំណាក់អាជ្ញារធរ អស់រយៈពេលជាង៣ខែមកហើយ ដែលគ្មានអាជ្ញារធរ គ្រប់ជាន់ថ្នាក់ណាមកអើពើ ឡើយ។
ដោយឡែកលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ លោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាងមកសាលាខណ្ឌដើម្បីដោះស្រាយ ហើយនៅរសៀលថ្ងៃខែឆ្នាំដដែលនេះខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយតែលោកអភិបាលខណ្ឌសន្យាថានឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែបាន៕












