ករណីបណ្ដឹងរបស់អ្នកភូមិ៧០គ្រួសារ ប្ដឹងកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មី ហង្ស មាស លោក ព្រាប សុវត្ថិ ជុំវិញការសាងសង់របងចូលផ្លូវសាធារណៈ ចតឡានគ្មានសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈ បង្កឲ្យមានសំឡេងរថយន្តរំខានដល់ការដេកពូន ឲ្យជាងធ្វើគ្រឿងឈើផ្លូវ នឹង ស្លឹកឈើជ្រុះចូលផ្ទះគេជិតខាង ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលទូទាំងប្រទេស ខណៈដែលកំពូលតារាច្រៀងរូបនេះកន្លងមកមិនធ្លាប់មានរឿងអាស្រូវបែបនេះឡើយ នៅ ព្រឹក ថ្ងៃទី៦ ខែ មិនា ឆ្នាំ ២០២០ ពោលបន្ទាប់ពីរឿងនេះផ្ទះឡើងតែ១ថ្ងៃ លោក ព្រាប សុវត្ថិ នឹងប្រជាពលរដ្ឋដែលបានប្ដឹងនោះ បានជួបមុខផ្ទាល់គ្នា ដើម្បីធ្វើការដោះស្រាយ ចំពោះមុខអាជ្ញាធរតែម្ដង ដោយទទួលបានលទ្ធផលបានចំនួន៤ចំណុច នៅសល់១ចំណុចទៀត រង់ចាំដោះស្រាយបន្ត។
រកណី ទី១. (ចតឡានគ្មានសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈ)
ត្រង់ចំណុចនេះ លោក ព្រាប សុវត្ថិ ព្រមដកចេញ ដោយលោកបានលើកឡើងថា ការចតនោះ កន្លងមកគឺលោកបានសុំ ម្ចាស់ផ្ទះដែលនៅជាប់ផ្ទះលោកនោះចតត្រឹមត្រូវ ខ្លួនមិននឹងស្មានថា មានរឿងបែបនេះឡើយ ក្នុងនោះ លោកក៏សូមទោស បើប៉ះពាល់ ដល់ការធ្វើដំណើរដល់អ្នកភូមិ។
ករណីទី២. (បង្កឲ្យមានសំឡេងរថយន្តរំខានដល់ការដេកពូន)
កំពូលតារាចម្រៀងរូបនេះក៏បានសូមទោស នឹងសូមមានការអធ្យាស្រ័យជុំវិញបង្កឲ្យមានសំឡេងរថយន្តរំខានដល់ការដេកពូននេះ លោកថា ធម្មតាអ្នកសិល្បៈដូចជាលោក ធ្វើការយប់ៗជ្រៅណាស់ ចេញពីផ្ទះម៉ោង៣ឬ៤ ព្រឹក ចូលផ្ទះវិញ ម៉ោង១ឬ២ យប់ គួបផ្សំរថយន្ត ដែលលោកប្រើប្រាស់នោះ សំឡេង លឺៗមកពីនាយផង ធ្វើឲ្យមានការរំខានបែបនេះ លោក ឈប់ឲ្យមានការរំខានបែបនេះទៀតហើយ។
ករណីទី៣ (ធ្វើរោងឲ្យជាងធ្វើគ្រឿងឈើផ្លូវ )
ត្រង់ចំណុចនេះ លោកព្រាប សុវត្ថិ ក៏បានយល់ព្រម តាមការស្នើសុំពីប្រជាពលរដ្ឋដូចគ្នា កំពូលតារាចម្រៀងល្បីឈ្មោះខាងលើ បានលើកឡើងថា ការដែលលោកសុំឲ្យជាងឈើធ្វើ រោងលើផ្លូវជាបណ្ដោះអាសន្ននេះ ខ្លួនបានស្នើទៅអាជ្ញាធរ ហើយអាជ្ញាធរ ក៏បានយល់ព្រមឲ្យធ្វើ ទើបលោកឲ្យជាងធ្វើ។ ការធ្វើនោះទៀតសោត លោកធ្វើតែមួយរយៈ ដើម្បីយកគ្រឿងឈើទាំងនោះ ដាក់នៅហាង ដែលគ្រោងបើកជាប់នោះ ក្រោយបញ្ចប់ នឹងសម្អាតឲ្យស្អាតល្អ មិនមានចេតនា បិតផ្លូវឡើយ។ ក្នុងនោះដែរ គួបផ្សំជាង ធ្វើមានការធ្វេសប្រហែសផង ទើបឲ្យមានការរញ៉េរញ៉ៃបែបនេះ។
ករណីទី៤ (ស្លឹកឈើជ្រុះចូលផ្ទះគេជិតខាង )
ចំណុចនេះ លោកព្រម សូមឲ្យមានការអធ្យាស្រ័យ លោកនឹងកាត់មែកឈើនោះចេញ ។
ករណីទី៥ រឿងធ្វើរបងចូលផ្លូវសាធារណៈ រឿងមួយនេះ មិនទាន់បានដោះស្រាយចប់នៅឡើយទេ
ចំណុចក្ដៅមួយនេះ អ្នកភូមិបានចោទលោក ព្រាប សុវត្ថិថា បានធ្វើរបងចូលផ្លូវសាធារណៈ ដែលផ្លូវនោះតាមប្លង់គោលភូមិបាលមានរហូតដល់ទៅទទឹង១០ម៉ែត្រ ខណៈដែលផ្លូវបច្ចុប្បន្នមានត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោក ព្រាប សុវត្ថិថា លោកមិនបានធ្វើផ្លូវរំលោភលើផ្លូវសាធារណៈដូចអ្នកភូមិចោទប្រកាន់ឡើយ លោកមានតែកាត់ដីខ្លួនអស់១ម៉ែត្រ ធ្វើផ្លូវថែមទៀតផង។ ដីនោះដំបូងឡើយគឺជាស្រះទឹក ដែលអ្នកភូមិបានលក់ឲ្យ តារាចម្រៀង ល្បីឈ្លោះរូបនេះ។
អ្នកភូមិ សំណូមពរឲ្យធ្វើផ្លូវនោះ ឲ្យបានទទឹង១០ម៉ែត្រ តាមប្លង់ដែល ភូមិបាលកាត់ឲ្យ។ តាមការបញ្ជាក់របស់អ្នកភូមិ ភូមិបាល ដែលបានចុះមកជួបប្រជាជននៅក្នុងថ្ងៃនោះដែរ បានប្រាប់ថា ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដែលមានស្រាប់សិនទៅ នៅសល់៣ម៉ែត្រដែលបាត់នោះ ចាំដោះស្រាយ តាមក្រោយ។
ទទឹមនឹងការទល់មុខគ្នាដោះស្រាយនោះ មានអ្នកភូមិម្នាក់ឈ្មោះ លោក ព្រំ នាង វ័យជាង៤០ឆ្នាំ បានចោទប្រកាន់ លោក ព្រាប សុវត្ថិ ធ្លាប់ឈ្លោះជាមួយគាត់ រឿងកូនស្រី របស់គាត់ថតឡាន លោក ព្រាប សុវត្ថិ ដោយនិយាយថា បើខ្លាំងវាស់ដីបាញ់គ្នាតែម្ដងទៅ។ ត្រង់ចំណុចដែល លោក ព្រំ នាង ចោទប្រកាន់នេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានបដិសេចក្ដីថា ខ្លួនមិនធ្លាប់បាននិយាយដូច ការចោទប្រកាន់នោះឡើយ។ លោក ព្រាប សុវត្ថិ ថ្លែងថា លោកនឹង ប្ដឹង បុរសនោះតាមផ្លូវច្បាប់ ដែលមកបង្កាច់បង្ខូចឈ្មោះរបស់ខ្លួនបែបនេះ។
ជុំវិញការគម្រោងប្ដឹង ពីសំណាក់លោកព្រាប សុវត្ថិ ទៅអ្នកភូមិ ទល់មុខផ្ទះគ្នានោះ បុរសម្នាក់នោះ មិនខ្លាចការប្ដឹងនោះឡើយ ដោយលោកថ្លែងបែបនេះថា សំដីលោកព្រាប សុវត្ថិ និយាយនោះ ខ្លួនមានទាំងសាក្សី ភស្តុតាង មានរូបថត ត្រៀមតតាំងថែមទៀតផង។
ជុំវិញជម្លោះនេះ តារាចម្រៀង លោក ព្រាប សុវត្ថិ លើកឡើងទាំង អួលដើមករថា ប្រជាពលរដ្ឋដែលនាំលោកមកប្ដឹងនោះ មិនគួរណាជាធ្វើ បែបនេះឡើយ មានរឿងអីអាច និយាយជាមួយលោកថា។ កិត្តិយសដែលលោកចំសាងមក ជាច្រើនឆ្នាំ មិនធ្លាប់មានរឿងស្រូវសោះ បែរជា ត្រូវមនុស្សរាប់ម៉ឺនរាបសែននាក់ ជេរលោក ពេកប្រទេស ហើយជំនួញពាក្យសុំទោស គឺជារឿងមួយ ពិបាកទទួលណាស់។ អ្នកភូមិថ្លែងថា មូលហេតុដែលនាំឲ្យពួកគាត់ធ្វើបែបនេះ ករណីនេះ អ្នកភូមិបានប្ដឹងទៅ អាជ្ញាធរ ជិត១ឆ្នាំមកហើយ តែគ្មានដំណោះស្រាយ ។
សូមបញ្ជាក់ផងដែរថា ទីតាំងជម្លោះនោះ ស្ថិតក្នុង ភូមិច្រេស សង្កាត់ គោកឃ្លាំង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕
រូបភាព៖ Sabay