សម្ព័ន្ធក្រុមហ៊ុនANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេច ជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជាBrand Ambassadorតំណាងឱ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមកក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីដើមចុងសប្ដាហ៍កន្លងទៅនៅអាគារMorgan កោះពេជ្រ។ ANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។



នាពេលឆាប់ៗខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេសគឺផលិតផលទឹកផ្លែឈើ និងដំណាប់ នៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន សាំងហ្គាពួរ និងហុងកុង។ល។



ជាមួយនឹងការងារជាBrand Ambassador កញ្ញា តន់ ចន្ទសីម៉ា និងត្រូវធ្វើការងារជាច្រើន មួយក្រុមហ៊ុនកូរ៉េក្នុងនាមជាផ្សព្វផ្សាយផលិតផលក្រុមហ៊ុន តាមការព្រមព្រៀងគ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់ តន់ ចន្ទសីម៉ា បន្ទាប់ពីប្រជាប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រខ្លាំងវ៉ាដាច់គេ។ បែបណាក្ដី ហ្គាឡាក់ស៊ី ណាវ៉ាត្រា មិនបានទម្លាយពីតម្លៃខ្លួនរបស់កញ្ញា តន់ ចន្ទសីម៉ា លើកការងារជាBrand Ambassador ជាមួយANDAMI Groupនោះឡើយ។


