ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី ៧ ធ្វើឡើងលើភ្នំបូកគោ នឹងប្រព្រឹត្តជាផ្លូវការនៅថ្ងៃទី ២៦ និង ២៧ វិច្ឆិកាខាងមុខ។

ដើម្បីអាចចូលរួមព្រឹត្តិការណ៍អន្តរជាតិខាងលើនេះបាន កម្មវិធីតម្រូវឲ្យមានការចុះឈ្មោះជាមុន ហើយសម្រាប់អ្នកចូលរួមដែលបានបញ្ចប់ការប្រណាំង ក៏នឹងទទួលបានមេដាយផងដែរ។

សម្រាប់ការរត់ប្រណាំងគឺបានបែងចែកជា ៤ ប្រភេទមានដូចជា រត់ ៣ គីឡូម៉ែត្រ រត់ ៥ គីឡូម៉ែត្រ រត់ ១០ គីឡូម៉ែត្រ និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ២១ គីឡូម៉ែត្រ ហើយសម្រាប់ប្រភេទ ១០ គីឡូម៉ែត្រ តម្រូវឲ្យអ្នកចូលរួមមានអាយុពី ១៣ ឆ្នាំ និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ត្រូវមានអាយុចាប់ពី ១៦ ឆ្នាំឡើយ ស្របពេលការរត់ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ គឺអនុញ្ញាតឲ្យចូលរួមជាទូទៅ។

សម្រាប់ការប្រណាំងកង់វិញ គឺមាន ៤ ប្រភេទដូចគ្នា ដូចជា D-Woman-Any bike ដែលតម្រូវឲ្យអ្នកចូលរួមមានអាយុពី ១៤ ឆ្នាំឡើង C-Master-Road bike តម្រូវឲ្យអ្នកចូលរួមមានអាយុពី ៤០ ឆ្នាំឡើង B-Open-Road bike តម្រូវឲ្យអ្នកចូលរួមមានអាយុពី ២៦ ដល់ ៣៩ ឆ្នាំ និងប្រភេទ A-Elite-Road bike តម្រូវឲ្យអ្នកចូលរួមមានអាយុពី ១៤ ដល់ ២៥ ឆ្នាំ។
សម្រាប់អ្នកដែលបញ្ចប់ការរត់ប្រណាំងគ្រប់ប្រភេទ និងការជិះកង់ចំណាយ ៣២ គីឡូម៉ែត្រ នឹងទទួលបានកាដូអនុស្សាវរីយជាច្រើន ហើយសម្រាប់អ្នកឈ្នះនឹងទទួលបានទឹកប្រាក់មួយចំនួនផងដែរ។

អ្នកចូលរួមទាំងអស់ ក៏នឹងទទួលបានអាហារសម្រន់មុន និងបញ្ចប់កម្មវិធីដូចជា នំប៉័ង ចេក និងភេសជ្ជៈផ្សេងៗផងដែរ។ ទំនាក់ទំនងចុះឈ្មោះ តាមរយៈទូរស័ព្ទ៖ 097 561 61 16 និង 081 61 61 21 (តេឡេក្រាម) ឬអាចចុះឈ្មោះអនឡាន http://bokormarathon.com.kh/register.php