នាថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ទី ២៥-២៦-២៧ ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន សុខា ហ្គ្រុប នឹងមានការរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងការប្រណាំងកង់លើកទី ៧ នៅលើភ្នំបូកគោ ខេត្តកំពត ដើម្បីរៃអង្គាសថវិកាយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ព្រឹត្តិការណ៍សប្បុរសធម៍នេះផងដែរ នឹងបើកទូលាយសម្រាប់អ្នកចូលរួមគ្រប់ស្រទាប់វណ្ណ: មិនថាជានជាតិខ្មែរ ឬបរទេសនោះឡើយ ដោយមិនកំណត់អាយុសម្រាប់ការចូលរួមរត់ ប៉ុន្តែសម្រាប់ការចូលរួមប្រណាំងកង់វិញ គឺអនុញ្ញាតឱ្យអ្នកមានវ័យចាប់ពី ១៤ ឆ្នាំឡើងទៅ ។

បន្ថែមពីនោះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សុខ គង់ បានរៀបចំកម្មវិធីដ៏ធំមួយនេះ ចំនួន ៦ លើករួចមកហើយ និងបានប្រមូលថវិកាសរុបបានរហូតដល់ ២៧ ៧០០ ដុល្លារ ដែលបានមកពីការទិញសំបុត្រចូលរួម ដើម្បីផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្រៅពីទឹកប្រាក់ជិត ៣០ ០០០ ដុល្លារនោះ ក្រុមហ៊ុនសុខាបូកគោ ក៏បានឧបត្ថម្ភបន្ថែមជាសម្ភារៈប្រើប្រាស់ និងទឹកសុទ្ធដែលផលិតចេញដោយរោងចក្រលើភ្នំបូកគោផ្ទាល់តែម្ដង៕