ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាពកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ “ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ” កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នៅសាលមហោស្រពកោះពេជ្រ។

ក្នុងឱកាសនោះ ឧកញ៉ា ឡេង ប្រុស ក៏បានអញ្ជើញថ្លែងសន្ទរកថាដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅដែលរំលេចអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និនិងអរូបីដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភា្ជប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាថ្លែងគូសបញ្ជាក់ថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំងឱ្យសង្គមមានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។ ការណ៍នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ថ្លែងនៅចំពោះមុខសិល្បៈករ ឧកញ៉ា ឡេង ប្រុស បានបញ្ជាក់បន្ថែមថា៖ “ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់និងឱ្យតម្លៃខ្ពស់ចំពោះវប្បធម៌អរិយធម៌ដ៏ល្អផូផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់ប្រជាជាតិខ្មែរយើងសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអន្ថន័យនេះ គឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជន ឱ្យស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា មិនត្រឹមតែថែរក្សាការពារ ឱ្យបានស្ថិតស្ថេរគង់វង្សប៉ុណ្ណោះទេ តែត្រូវជំរុញលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ទាំងក្នុងតំបន់ និងសកលលោក ដូចទៅនឹងពាក្យស្លោកបុរាណយើងតែងលើកថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាង»”។

នៅក្នុងឱកាសនេះដែរ ឧកញ៉ា ឡេង ប្រុស ដំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បាននាំយកថវិកាចំនួន ៣ពាន់ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់កម្មវិធី ទិវាបេតិកភណ្ឌលើកទី៥ ផងដែរ។ សូមជម្រាបថា កម្មវិធីនេះរៀបចំដោយ សាលាសិល្បៈហ៊្វូណន និងសាលារបាំបុប្ផាទេ ដើម្បីអបអរសាទរខួប០៤ឆ្នាំនៃល្ខោនខោល ខួប១៩ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប០៥ឆ្នាំនៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕






