ថ្ងៃទី២៦ វិច្ឆិកា ម្សិលមិញនេះ បន្ទាប់ពីវត្តមានអ្នកចុះឈ្មោះរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង មានទាំងក្មេង ចាស់ ប្រុស ស្រី និងជនបរទេសជាដើមបានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី ៧ ធ្វើឡើងលើភ្នំបូកគោ បានបញ្ចប់លទ្ធផល អ្នកឈ្នះដែលជាម្ចាស់ជ័យលាភីគ្រប់ចម្ងាយគីឡូម៉ែត្រ ក៏បានប្រកាសជាបន្តបន្ទាប់ និងប្រគល់រង្វាន់ ដោយម្ចាស់ឧបត្ថម្ភក្នុងកម្មវិធីនេះ។
សម្រាប់ការរត់ប្រណាំងគឺបានបែងចែកជា ៤ ប្រភេទមានដូចជា រត់ ៣ គីឡូម៉ែត្រ រត់ ៥ គីឡូម៉ែត្រ រត់ ១០ គីឡូម៉ែត្រ និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ២១ គីឡូម៉ែត្រ ហើយសម្រាប់ប្រភេទ ១០ គីឡូម៉ែត្រ តម្រូវឲ្យអ្នកចូលរួមមានអាយុពី ១៣ ឆ្នាំ និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ត្រូវមានអាយុចាប់ពី ១៦ ឆ្នាំឡើយ ស្របពេលការរត់ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ គឺអនុញ្ញាតឲ្យចូលរួមជាទូទៅ។

គួរបញ្ជាក់ថា នេះគឺជាការរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់ សប្បុរសធម៌ដ៏ធំ និងជាលើកទី ៧ហើយ ដែលរៀបចំឡើងដោយក្រុមហ៊ុន សុខា គ្រុប និងសណ្ឋាគារ ឋានសួគ៌ សុខា បូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដើម្បីប្រមូលថវិកាពីការទិញសំបុត្រចូលរួម ផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។









