កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនដល់ប្រតិភូអន្តរជាតិដែលបានមកចូលរួម «សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួន នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ខ្លួន និងផ្សព្វផ្សាយទៅកាន់ពិភពលោកនាព្រឹត្តិការណ៍ដ៏ធំនេះ។ នេះបើតាមការឱ្យដឹងក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។
គោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិ រួមមានដូចជា កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។
បើតាមក្រសួងទេសចរណ៍ គណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។
គួរជម្រាបថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រនឹងបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមក ទាំងការគ្រប់គ្រងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផលនិងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន៕