គុនល្បុក្កតោ ត្រូវបានគោះញញួរសម្រេចចុះបញ្ជីបេតិកភណ្ឌអរូបីននៃមនុស្សជាតិ របស់អង្គការយូណេស្កូជាផ្លូវការ ដែលធ្វើឡើងក្នុងកិច្ចប្រជុំលេីកទី ១៧ គណកម្មាការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកណ្ឌអរូបី នៃអង្គការយូណេស្កូ នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុង Rabat ប្រទេសម៉ារ៉ុក។ នេះបើតាមលោកស្រី ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃអង្គារនេះ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកម្ពុជាបានប្រឹងប្រែងស្នើសុំដាក់បញ្ចូល«គុនល្បុក្កតោ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ចំនួន ២ លើករួចមកហើយ ដោយលើកទី ៣ ទើបសម្រេចជោគជ័យ។ ល្បុក្កតោគឺជាសិល្បៈនៃការប្រយុទ្ធមួយប្រភេទដែលជនជាតិខ្មែរសម័យបុរាណបានបង្កើតឡើងដើម្បីការពារខ្លួននិងប្រយុទ្ធតតាំងជាមួយនឹងសត្វសាហាវជាដើម។

គួររំលឹកថា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ ក៏ធ្លាប់មានព្រះរាជបន្ទូល ស្នើឱ្យអង្គការយូណេស្កូ ដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។ ព្រះរាជឱង្ការរបស់ព្រះករុណា ត្រូវបានធ្វើឡើងនាព្រះរាជសវនការ (សំណេះសំណាល) ជាមួយលោកស្រី AUDREY AZOULAY អគ្គនាយិកាអង្គការយូណេស្កូ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

បន្ថែមពីការខិតខំប្រឹងប្រែងដាក់ «គុនល្បុក្កតោ» ទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ នេះ កម្ពុជាក៏បាននិងកំពុងប្រឹងប្រែង ពង្រីកវិសាលភាពរបស់កីឡាគុនល្បុក្កតោ ទៅលើឆាកអន្តរជាតិ ផងដែរ ហើយជាមួយនឹងការប្រឹងប្រែងនេះ កម្ពុជា បានទទួលជោគជ័យ ជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដោយតំណាងប្រទេស នៅក្នុងតំបន់អាស៊ាន បានគាំទ្រកម្ពុជាពេញទំហឹង ក្នុងការដាក់ប្រភេទកីឡាប្រពៃណីគុនល្បុក្កតោកម្ពុជា ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូងនៅឆ្នាំ ២០២៣៕
