លើកំពូលភ្នំបូកគោ កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា មានកម្មវីធីសប្បុរសធម៌ ប្រណាំងកង់ និងរត់កីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី០៧ ដើម្បីរៃថវិការជូនមន្ទីពេទ្យកុមារគន្ធបុផ្ផា ដែលមានភ្ញៀវចូលរួមសរុបប្រមាណជាង៧០០នាក់។



ក្នុងនោះអ្នកចូលរួមរត់ប្រណាំងចំនួនប្រមាណជាង៥០០នាក់ និង អ្នកចូលរួមប្រណាំងកង់ចំនួនប្រមាណជាង១០០នាក់ មានទាំងជនជាតិខ្មែរ និងជនបរទេស ក្មេងចាស់ ប្រុសស្រីទៀតផង។




បន្ទាប់ពីបញ្ចប់កម្មវិធីសប្បុរសធម៌ អ្នករៀបចំកម្មវិធីគឺ សណ្ឋាគារ ឋានសួគ៌ សុខា របស់អ្នកឧកញ៉ា សុខ គង់ ក៏បានបង្កើតការលេងហ្គេមកំសាន្តជាច្រើនប្រភេទផងដែរ ដើម្បីជំរុញឱ្យកម្មវិធីកាន់តែមានភាពឱឡារិក ដូចជា៖




១. ល្បែងទឹកសុទ្ធឋានសួគ៌ បូកគោ ជាការបង្ហាញពីប្រភពទឹកបរិសុទ្ធនៅលើភ្នំបូកគោ ឈានមុខគេមួយ ក៏ដូចជាការផ្សព្វផ្សាយ បំផុសដល់ប្រជាពលរដ្ឋ អ្នកចូលរួម បានស្គាល់ និងឃើញពីរូបរាង ងាកមកចាប់អារម្មណ៍ លើកស្ទួយផលិតផលក្នុងស្រុកដែលមានសមត្ថភាពអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសបង្កើនការផ្សព្វផ្សាយទៅលើការសារាចរទីផ្សារសព្វថ្ងៃផងដែរ។
២.ល្បែងទិញបន្លែបូកគោផ្ញើម៉ែក្មេក ជាការបង្ហាញដល់សាធារណជន ក៏ដូចជាកីឡាករ កីឡាការនីថា បន្លែទាំងអស់បានដាំនៅលើកំពូលភ្នំបូកគោ ដែលជាកន្លែងមានអាកាសធាតុត្រជាក់ បន្ទាប់ពីមានការប្រមូលផលលើភ្នំបូកគោក៏មានការចែកចាយតាមតំបន់ផ្សេងៗ កាន់តែបង្កើនការគាំទ្រទូទាំងប្រទេស។
៣.ល្បែងកងចក្ររញ្ជួយប្រឹថពី ជាការលេងល្បែងដោយយកស៊ុតមាន់ដាក់នៅលើមាត់ដបនិងបង្វិលកងចក្រវិលយកស៊ុតពីមាត់ដបវិញ។ ដែលបង្ហាញថា នៅលើភ្នំបូកគោមានការចញ្ចឹមសត្វបក្សីជាច្រើនប្រភេទ ចិញ្ចឹមតាមបែបធម្មជាតិដើម្បីយកសាច់និងយកពង ក្នុងន័យផ្សព្វផ្សាយដល់សាធារណជនឱ្យដឹង។
៤. ល្បែងលេងខ្សែរជាមួយគ្រាប់ប៉ុង ល្បែកនេះមានអត្ថន័យដល់ការអបរំស្មារតី ចង់បំផុសឱ្យយុវជន ចេះប្រុងប្រយ័ត្ន បង្ហាញឆន្ទៈធ្វើការងាររួមដោយយកចិត្តទុកដាក់ខ្ពស់។
នេះបើតាមតាមការបញ្ជាក់ឲ្យដឹងពី លោក ភឿន ប៊ុនថន ជាអ្នកសម្របសម្រួលកម្មវិធី បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានឧកញ៉ាញូស៍ ដែលបានចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍ខាងលើ។

ក្រៅពីរៀបចំកម្មវិធីសប្បុរសធម៌ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា សុខ គង់ តែងតែគិតគូជានិច្ចដល់សុខភាពប្រជាជនកម្ពុជា ពោលលោកបានបោះទុនលុយរាប់លានដុល្លារលើការដាំដុះបន្លែ ដែលគ្មានសារធាតុគីមីនៅលើភ្នំបូកគោផ្ទាល់តែម្ដង។

អ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន សុខា គ្រុប បានថ្លែងឱ្យដឹងថា ចាប់ពីឆ្នាំ២០១៧មក ក្រុមហ៊ុនបានកែប្រែការដាំបន្លែជាលក្ខណៈ Hydroponic Farm ដែលជាការដាំនៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា ខណៈដែលកាលឆ្នាំ២០១២ ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូកគោនេះ ដោយដាំតែនៅលើដីប៉ុណ្ណោះ។

“បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ព្រោះវាមិនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតនោះទេ ហើយយើងប្រើប្រាស់តែជីសរីរាង្គប៉ុណ្ណោះ។ បន្លែដែលដាំនៅកសិដ្ឋាននេះ មានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពអ្នកបរិភោគ ព្រោះវាជាបន្លែដែលដាំនៅទីតាំងពិសេស មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រោះវាស្ថិតនៅលើភ្នំមានកំពស់រហូតដល់ ១០៧៥ម៉ែត្រ”។ អ្នកនាង ចាន់រ៉ា បានបន្ថែម។

បន្ថែមពីនោះ អ្នកឧកញ៉ា សុខ គង់ ក៏មានបំណងចង់កែប្រែភ្នំបូកគោ ឲ្យក្លាយជាឋានសួគ៌ក្រោមមេឃ ដោយបានចំណាយថវិកាខ្ទង់ ៥០០ លានដុល្លារឯណោះ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោថ្មី ដែលមានផ្ទៃដី ៣០ពាន់ហិកតានៅក្នុងឧទ្យានជាតិភ្នំបូកគោ ចាប់តាំងពីទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។



អ្នកឧកញ៉ា សុខ គង់ បន្ថែមថា ដោយសារគម្រោងនេះមានទំហំធំ និងប្រើពេលអភិវឌ្ឍន៍យូរ ដូច្នេះក្រុមហ៊ុនលោកក៏ប្រកាសបើកទទួលការចូលរួមវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ព្រមទាំងអាជ្ញាធរដើម្បីជួយឱ្យគម្រោងនេះអាចសម្រេចបានតាមផែនការមេកំណត់ផងដែរ៕