ជាទូទៅ កញ្ចុំផ្កាយកាឡាក់ស៊ី (Milky Way) គឺមិនសូវប្រទះឃើញនៅប៉ែកអាស៊ីប៉ុន្មានឡើយ ប៉ុន្តែយើងអាចមើលឃើញព្រឹត្តិការណ៍ដ៏ស្រស់ស្អាតមួយនេះ សឹងតែគ្រប់ខែនៅឯកំពូលភ្នំបូកគោ នៃខេត្តកំពត។



លោកអ្នកអាចមើលឃើញកញ្ចុំផ្កាយដ៏ស្រស់ស្អាត នៅទីតាំងដល់ទៅ ៤ កន្លែងឯណោះនៅលើភ្នំបូកគោ ដែលមានដូចជា វាលស្រែ ១០០ រូបសំណាកលោកយាយម៉ៅ ទីតាំងបោះតង់នៅបឹងលើភ្នំ និងកាស៊ីណូចាស់។



កាន់តែពិសេសនោះ គឺលោកអ្នកអាចមើលឃើញកញ្ចុំផ្កាយបានស្ទើរតែគ្រប់ខែ ពោលពីខែមករាដល់ឧសភា អាចមើលឃើញចន្លោះពីម៉ោង ២ ដល់ម៉ោង ៤ ទៀបភ្លឺ និងពីខែមិថុនាដល់ធ្នូ អាចមើលឃើញចន្លោះពីម៉ោង ៩ ដល់ម៉ោង ១២ យប់។



សូមជម្រាបដែរថា ភ្នំបូកគោ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលសំបូរដោយកន្លែងដើរលេងធម្មជាតិស្រស់បំព្រង ខណៈនៅលើកំពូលភ្នំផ្ទាល់ក៏មានសណ្ឋាគារប្រណីតគឺ ឋានសួគ៌សុខា ដែលរង់ចាំស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ជាមួយនឹងតម្លៃសមរម្យ សេវាកម្មល្អឥតខ្ចោះ៕