រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្ទ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរទៅកម្សាន្តសរុបជាង៧០ម៉ឺននាក់។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា ភ្ញៀវទេសចរក្នុងពិធីបុណ្យសមុទ្ទឆ្នាំនេះ សរុបចំនួន ៧១២៦១៤នាក់ ដែលតួលេខនេះបានកើន២៩ភាគរយ បើធៀបរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្ទ កាលពីឆ្នាំ២០១៧។
ពិធីបុណ្យសមុទ្ទឆ្នាំ២០២២នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្ទ ដែលស្អាតបំផុតលើសាកលលោកផងដែរ ខណៈកម្ពុជា គឺជាប្រទេសដំបូងគេ ដែលរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្ទដែលស្អាតបំផុតលើសាកលលោកឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។នេះបើតាមការបញ្ជាក់បន្ថែមពីរដ្ឋបាលខេត្តព្រះសីហនុ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ដែលបានដើរកម្សាន្តនៅទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ៕ អត្ថបទ៖ រង្សី

