តារាកំប្លែង ញឹក កុសល ដែលមានរហស្សនាមថា “កំប៉ោយចៅតា” បានទទួលមរណភាពទៅហើយ កាលពីថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២០ នេះ នៅមន្ទីរកាល់ម៉ែត្រដោយរោគាពាធបន្ទាប់ពីសម្រាកព្យាបាលនៅទីនោះជាច្រើនខែ។ សពត្រូវបានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតឯបាសិត ដោយសារជីវភាពក្រីក្រពេក តារាសម្ដែង លោកអ៊ឹម ជីវ៉ា ជួយទិញមឈ្លស ជូនក្រុមគ្រួសារសព។

មិនទាន់ដឹងថា កំប៉ោយចៅតា ដែលមានជីវភាពក្រខ្សត់បាត់បង់ជីវិតដោយសារជំងឺអ្វីពិតប្រាកដនោះទេ ប៉ុន្តែ កន្លងមក គេធ្លាប់បានដឹងថា តារាកំប្លែងវ័យក្មេង និងមានជីវភាពខ្សត់ខ្សោយរូបនេះ មានជំងឺតម្រងនោម និងខ្វះឈាម ដែលជំងឺទាំងពីមុខនេះ បានធ្វើទុក្ខនាយខ្លាំងតាំងពីចុងឆ្នាំ ២០១៩។ តាមអ្នកនាង ខាត់ សុឃីម ដែលជាបងប្អូនជីទួតមួយ បានឲ្យដឹងថា កំប៉ោយចៅ តា មានជំងឺនេះតាំងពីតូច ពោលគឺក្រោយពីនាយបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរ៉ឺម៉កកិនជើងខាងស្ដាំ។ គ្រោះថ្នាក់នោះបានប៉ះពាល់ដល់តម្រង់នោម និងក្រលៀន បានបណ្ដាលអោយហើមជើង និងនោមមិនចេញ។ តែពេលនោះក៏បានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះ ដោយបានព្យាបាលជាទៅហើយ ហើយក៏លែងចាប់អារម្មណ៍ ប៉ុន្តែមកដល់ចុងឆ្នាំ ២០១៩ ជំងឺនេះបានធ្វើទុក្ខឡើងវិញសោះវិញ និងបានបន្តរហូតដល់ពេលនេះ ហើយទីបំផុតតារាកំប្លែងកម្សត់បានលាចាកលោកចោលពិភពសិល្បៈ ចោលសាច់ញាតិនានាទៅហើយ។

ភ្លាមៗបន្ទាប់ពីទទួលដំណឹងថា តារារូបនេះទទួលមរណៈភាពភ្លាម ឃើញជីវភាពរបស់ក្រុម គ្រួសារសព មានភាពក្រីក្រខ្លាំងពេក លោក អ៊ឹម ជីវ៉ា បានចេញមុខឧបត្ថម្ភដល់សពតារាកំប្លែង ដោយលោកសូមចូលរួមចេញថ្លៃក្ដារមឈូសក្នុងពិធីបុណ្យសពតារាកំប្លែង នាយប៉ោយ និងសូមវិញ្ញាណខន្តនាយ ប៉ោយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សកម្មភាពនៃការធ្វើបុណ្យរបស់ លោកអ៊ឹម ជីវ៉ា ប្រិយមិត្តជាច្រើនបានចូលរួមកោតសរសើរចំពោះតារារូបនេះ ដោយពួកគេលើកឡើងថា ជាសកម្មភាពបុណ្យកុសលដ៏ប្រសើរមួយ៕





