រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ចំណាយថវិកាច្រើនជាងគេបំផុតក្នុងការផលិត

កម្សាន្ត

ភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ជាប់ជាវណ្ណកម្មរឿងប្រវត្តិសាស្រ្តដែលចំណាយថវិកាច្រើនជាងគេក្នុងការផលិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាគយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី លោក ហ៊ុយ វាសនា អ្នកនិពន្ធបានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ចុងខែធ្នូ មានរយៈពេល១១ខែ សម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនិង៤៥ភាគរយ នៃសាច់រឿងសរុប។ លោកបន្តថា ឈុតឆាកដែលនៅសេសសល់ គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

កាលពីថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការ អ្នកនិពន្ធដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសំដែងទាំងអស់ នៃរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី អាចចាត់ទុកថាជាភាពយន្តរឿងភាគ ដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ជាមួយនិងរឿងភាគតាមបែបប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជាពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកជីវិតទៅប្តូរនិងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រើនរំលឹកជាថ្មីម្តងទៀត ដល់ក្រុមការងារផលិត ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅថែមទៀត ទាក់ទិនទៅនិងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង ក្នុងសម័យសង្រ្គាម លន់ ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

សូមបញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលពីដំបូងឡើយគ្រោងថតផលិតភាពយន្តភាគ ចំនួន៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់ ៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំពីសម្តេចតេជោ ហ៊ុន សែន។

បញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី គ្រោងនិងដាក់បញ្ចាំងជាផ្លូវការ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ខាងមុខ៕