សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណចំពោះតារាសម្ដែងវ័យក្មេង ស៊ិន យូប៊ិន បន្ទាប់ពីតារាសម្ដែងស្រីល្បីឈ្មោះរូបនេះ បានចូលរួមឧបត្ថម្ភប្រាក់ចំនួន៤០០០ដុល្លារ ជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសម្ដេចតេជោ កាលពីថ្ងៃទី២៦ ខែមីនា សម្ដេច បានលើកឡើងថា ប្រជាជនកម្ពុជាកំពុងប្រឈមនឹងហានិភ័យដែលបង្កឡើងដោយជំងឺរីករាលដាលកូវីដ-១៩។ ដូច្នេះហើយ សម្ដេច សូមអគុណនូវសកម្មភាពមនុស្សធម៌នេះ ព្រោះវាផ្នែកមួយជួយសង្គ្រោះជីវិត និងសុខភាពប្រជាជនកម្ពុជាដែលមានហានិភ័យ។ ក្នុងលិខិតនោះដែរ សម្ដេចតេជោ បានជូនពរដល់ កញ្ញា ស៊ីន យូប៊ីន និង ក្រុមគ្រួសារ ជួបប្រទះទាំងពុទ្ធពរ ទាំងប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពោល កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការចូលរួមឧបត្ថម្ភប្រាក់ចំនួន៤០០០ដុល្លារ ជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ កញ្ញា ស៊ីន យូប៊ីន បានលើកឡើងលើផេកផ្ទាល់ខ្លួននាងថា (ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប នាងខ្ញុំសូមចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺសួតប្រភេទថ្មី COVID-19 ដែលកំពុងប្រឹងប្រែងព្យាយាមទប់ស្កាត់ ការពារ និងព្យាបាលអ្នកជំងឺ។ នាងខ្ញុំសូមលើកទឹកចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណកម្មាធិការប្រយុទ្ធប្រឆាំង COVID-19 ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខ បន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងជំងឺនេះបន្ថែមទៀត។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិរក្សាដែនដីកម្ពុជា សូមឲ្យប្រជាជនកម្ពុជាទាំងអស់ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ ពួកយើងនៅទីនេះជាមួយអ្នកទាំងអស់គ្នា ហើយពួកយើងនឹងដើរទៅមុខ ឆ្លងកាត់ពេលវេលាមួយនេះទាំងអស់គ្នា) ។

លិខិតស្រដៀងគ្នានេះ គេឃើញប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញជាហូរហែដោយជូនចំពោះសប្បុរសជន និងអ្នកសិល្បៈដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩។ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងមានគ្រោះភ័យនេះ គេក៏សង្កេតឃើញសកម្មភាពអ្នកសិល្បៈមួយចំនួនបានខ្នះខ្នែង និងឧបត្ថម្ភនូវសម្ភារៈផ្សេងៗដល់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគផ្លូវដង្ហើមដ៏កាចសាហាវដែលកំពុងឆ្លងរាតត្បាតជាសកលនេះ៕



