កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯក និងផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា បានរៀបចំពិធីស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា អមដោយពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។

ក្នុងឱកាសដ៏វិសេសវិសាលនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានបង្ហាញនូវមោទកភាព និងអារម្មណ៍រំភើបសប្បាយរីករាយ ចំពោះការវិវត្ត និងប្រែក្លាយមុខមាត់របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលបានចាប់ផ្តើមពីចំណុចសូន្យ និងបានរីកធំធាត់ទទួលបានភាពជោគជ័យ ការគាំទ្រល្បីល្បាញយ៉ាងរន្ទឺនាពេលបច្ចុប្បន្ន ក្នុងវិស័យផលិតកម្មកំសាន្ត និងដែលក្នុងឱកាសថ្ងៃនេះ មានកិត្តិយសអាចស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មកកាន់មហាគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា។

វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នេះនឹងជាសក្ខីភាពថ្មីមួយទៀតបង្ហាញពីភាពជោគជ័យប្រកបដោយចក្ខុវិស័យរបស់ផលិតកម្ម និងជាពិសេសត្រូវបង្ហាញយ៉ាងច្បាស់តាមរយៈវត្តមានកំពូលតារាចម្រៀងជាច្រើនរូបប្រចាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមដំបូលផលិតកម្មជាមួយគ្នា រួមមានដូចជាឧកញ៉ា ព្រាប សុវត្ថិ, កញ្ញា តន់ ច័ន្ទសីម៉ា, លោក ខេម, អ្នកភ្លេងឆ្នើម និងនិពន្ធវ័យក្មេងមានទេពកោសល្យជាច្រើនទៀត។
អ្នកឧកញ៉ាក៏បានចូលរួមជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនពីទូទាំងប្រទេសផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកក្រុមហ៊ុន និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់បានថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។


អ្នកឧកញ៉ាក៏បានលើកឡើងអំពីស្មារតីទំនួលខុសត្រូវខ្ពស់របស់អ្នកឧកញ៉ាផ្ទាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ៗរូប ចំពោះជោគវាសនា និងជីវភាពបងប្អូនបុគ្គលិកក្រុមហ៊ុនរាប់ពាន់នាក់ និងក្រុមគ្រួសារទាំងអស់គ្នាផងដែរ។ អ្នកឧកញ៉ា ឡេង ណាវាត្រា បានធ្វើការវាយតម្លៃខ្ពស់ចំពោះអតីតភាព និងសមត្ថភាពរបស់បុគ្គលិកគ្រប់ៗរូប និងថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ដែលតែងនៅខិតខំតស៊ូ បន្តធំធាត់រួមគ្នាជាមួយគ្នា តាំងពីក្រុមហ៊ុននៅចាប់ផ្តើមដំបូងជាមួយបាតដៃទទេរ រហូតក្លាយខ្លួនជាក្រុមហ៊ុនយក្សនៅកម្ពុជាដូចសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដែលគិតមកដល់ពេលនេះ មានអាយុទើបតែជិត៦ឆ្នាំប៉ុណ្ណោះហើយមានទស្សនៈវិស័យ ហើយក្រោមចក្ខុវិស័យដឹកនាំរបស់អ្នកឧកញ៉ា ក្រុមហ៊ុនមានបេសកកម្មចម្បងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការប្រើប្រាស់ផលិតផលជាតិ បង្កើតឱកាសការងារជាមួយប្រាក់ចំណូលខ្ពស់ និងជាពិសេសគឺការផ្តល់ឱកាសវិនិយោគក្នុងតម្លៃសមរម្យ ការកម្សាន្តប្រកបដោយភាពទាក់ទាញ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
សូមស្ដាប់បទចម្រៀងដំបូង របស់ ខេមរះ សិរីមន្ត ដែលទើបនឹងចេញនៅ ផលិតកម្មកាឡាក់ស៊ីទាំងអស់គ្នា













