អតីតតារាចម្រៀង ម៉ូលីកា និងស្វាមី ដែលជាម្ចាស់ហាងNk Molika Beauty ក៏ទទួលបានការកោតសរសើរពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីគូស្វាមីភរិយាសិល្បៈមួយគូនេះ បានប្រកាសឧបត្ថម្ភសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស ខូវីដ ១៩ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ឯកឧត្ដមស្នងការរាជធានីភ្នំពេញ សម្រាប់ឲ្យបងប្អូនសមត្ថកិច្ចប្រើប្រាស់ក្នុងការងារ ដើម្បីប្រយុទ្ធទប់ទល់នឹងការរីករាលដាលរបស់ជំងឺកំណាច Covid-19។

អ្នកនាង ម៉ូលីកា បានប្រកាសនៅលើបណ្ដាញសង្គមថា នាងបានឧបត្ថម្ភ នូវម៉ាសចំនួន៥០០០ ស្រោមដៃចំនួន ៥០០គូ និងទឹកអាល់កុលចំនួន៦០០ដប ដល់ស្នងការនគរបាលរាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីមានការឧបត្ថម្ភ ទឹកចិត្តដ៏ប្រពៃក្នុងកាលៈទេសៈដ៏លំបាកនេះ លើហ្វេសប៊ុកឯកឧត្ដម ស ថេត គេបានឃើញ ស្នងការដ្ឋានរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគសម្ភារៈដូចជាម៉ាស ស្រោមដៃ អាល់កុល និងជែលលាងដៃសម្លាប់មេរោគ រួមជាមួយសម្ភារៈមួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃវីរុសកូវីដ១៩ ដែលមានគូស្វាមីភរិយាសិល្បៈគូនេះដែរ។

ជុំវិញបញ្ហានេះ អ្នកនាង មូលីកា បញ្ជាក់ថា នាងមានអារម្មណ៍រីករាយណាស់ ក្រោយបានជូនសម្ភារៈ ទាំងនេះដល់ស្នងការនគរបាលរាជធានីភ្នំពេញនាពេលនេះ។ អតីតតារារបស់ផលិតកម្ម Rock ប្រាប់ថា នេះជាកាលៈទេសៈដ៏លំបាក ដែលទាមទារឲ្យម្នាក់ៗ ត្រូវចែករំលែកការឈឺឆ្អាល ព្រោះការភ័យខ្លាចពីការរាតត្បាតរបស់ខូវីដ១៩នេះ បានក្លាយជារឿងយើងទាំងអស់គ្នាទៅហើយ។

ដូច្នេះហើយ នាងពេញចិត្តនឹងជួយតាមលទ្ធភាព ពិសេសជួយដល់បងប្អូនសមត្ថកិច្ច ដែលនាងមើលឃើញថា នៅមានតម្រូវការប្រើប្រាស់សម្ភារៈខាងលើច្រើននៅឡើយ។ តាមតារាស្រីសម្ភារៈទាំងអស់នោះ នាងបានចំណាយ អស់ថវិការចំនួនប្រមាណ ៣ ៥០០ដុល្លារសហរដ្ឋអាមេរិក។

នេះមិនមែនជាលើកទី១ឡើយដែល ម៉ូលីកា បានចូលរួមចែករំលែកទឹកចិត្ត តាមរយៈជំនួយសប្បុរសធម៌ជួយដល់សង្គមតែជានិច្ចកាលគេឃើញនាងបានចុះចែកទានដល់សិល្បករក្រខ្សត់ខ្លាំង រួមទាំងពលរដ្ឋដែលជួបការលំបាកខ្លាំងជារឿយៗដែរ។ នៅក្នុងសកម្មភាពពេលនេះទៀត ក្រៅពីទិញសម្ភារៈខាងលើជូនស្នងការដ្ឋានរាជធានីភ្នំពេញ ថ្មីៗនេះ ម៉ូលីកា ក៏បានផ្ដល់ថវិកាចំនួន២,០០០ដុល្លា ដល់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់កូវីដ១៩ ផងដែរ៕
ប្រភព៖ Sabay