បន្ទាប់ពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែររួច ផលិតកម្ម Galaxy Navatra បានប្រកាសថាខ្លួន នឹងចេញបទចម្រៀងមួយថ្ងៃមួយបទ រយៈពេលមួយខែពេញ តាមរយៈChanel Yutub និង Facebook page ផ្លូវការរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ត។

ស្ថាបនិក និងជាកវីនិពន្ធទំនុកច្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ និយាយថា បទចម្រៀងដែលផលិតកម្មគ្រោងបញ្ចេញ ភាគច្រើន នៃបទចម្រៀងទាំង៣០បទ គឺជាបទសង់ទីម៉ង់ ប៉ុន្ដែក្នុងនោះក៏មានបទញាក់ពីរ ទៅ បីបទដែរ។

លោកបានបញ្ជាក់ពីហេតុផល នៃការចេញបទចម្រៀងផ្ទួនៗគ្នានេះថា ផលិតកម្មចង់ផ្សព្វផ្សាយបទចម្រៀងរបស់ខ្លួនឲ្យបានច្រើន ហើយម្យ៉ាងក៏ចង់សាកល្បងផ្លាស់ប្ដូរកម្មវិធីផលិតបទចម្រៀងខ្លះដែរ ដើម្បីទិសដៅថ្ងៃខាងមុខ។ បច្ចុប្បន្នមួយចំនួនធំបាន និពន្ធនឹងផលិតរួចរាល់ជាបណ្ដើរៗហើយ ចង់ចាំតែថ្ងៃ ផុសជាផ្លូវការប៉ុណ្ណោះ។
នៅដើមឆ្នាំ២០២០ នេះ កវីនិពន្ធ យឹម តាស្រង់ នឹងជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានចេញបទចម្រៀងពីរោះ និងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តអ្នកស្ដាប់ ក្រោមការនិពន្ធដោយក្រុមអ្នកនិពន្ធជាច្រើន។

បទទាំងនោះមានដូចជា៖”បទ”យល់ច្រឡំថាគេស្រឡាញ់យើង”, បទ”គេនោះជាស្រីកាប់ដាវ”, បទ”ឡានសារ៉ែន”,បទ”អគុណធនាគារ” បទ”មិត្តប្រុសចេះ Marketing” បទ “ចូលដណ្ដឹងបងទៅ”ជាដើម។

ចំណុចពិសេសមួយទៀតផលិតកម្ម Galaxy Navatra ដែលមានលោក ឧកញ៉ា ឡេង ណាវ៉ាត្រាជា ចាងហ្វាងនេះ ក្រៅពីមានការគាំទ្រ លើបទចម្រៀង គឺតារាចម្រៀងក្នុងផលិតកម្មមួយនេះ បានស្ម័គ្រចិត្តផ្តល់ប្រាក់ចំណូលគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ ដល់អ្នកនិពន្ធ ២០ភាគរយ ដើម្បីជាការដឹងគុណ ដែលចំណុចនេះក្នុងប្រវត្តិសាស្ត្រ តារាវិស័យចម្រៀងខ្មែរ មិនទាន់មានតារាចម្រៀងណាមួយហ៊ានធ្វើនៅឡើយនោះទេ៕