រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ ខែគឺពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៣ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ជាមួយគ្នានេះ អាជីវកម្មទាំងអស់នេះនៅតែមានកាតព្វកិច្ចដាក់ លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្ល បន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។
រដ្ឋាភិបាល ក៏បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិត ការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍ ។ និងបន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរកម្ពុជាបាន និងកំពុងមានសន្ទុះងើបឡើងវិញ ស្ទើរគ្រប់វិស័យ ទាំងក្នុងវិស័យ កាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម ។ សកម្មភាពអាជីវកម្មក្នុង គោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មាន កំណើនគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិ, ធុរជន និងវិនិយោគិន ។
ទោះជាយ៉ាងនេះក្តី កំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅ មធ្យមខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធដល់ វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។ ក្នុងបរិការណ៍នេះដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌ សកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាល ក៏សម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្ត គ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈប្រកបដោយភាពមិន ប្រាកដប្រជានេះ៕