សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ហៅកាត់ថា JCI SR នឹងរៀបចំកម្មវិធីវនយាត្រាលើកទី៥ ដែលហៅថាការដើរព្រៃនៅថ្ងៃទី៥ ខែកុម្ភៈ ដែលស្ថិតក្នុងបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាបខាងមុខនេះត្រូវបានអ្នកជំនាញខាងវប្បធម៌អះអាងថាអ្នកចូលរួមដើរព្រៃបានដឹងកាន់តែច្បាស់អំពីវីរៈភាពដ៏អស្ចារ្យនៃមហាក្សត្រខ្មែរពីមុនៗក្រៅពីទទួលបានចំណេះដឹងអំពីយុគៈនិងសមាធិ។
លោក ធឿន វុឌ្ឍី អ្នកជំនាញខាងផ្នែកវប្បធម៌ប្រចាំនៅខេត្តសៀមរាបបានឱ្យដឹងថា ការដើរព្រៃនេះគាត់បានផ្សារភ្ជាប់ខ្លួនគាត់ទៅនិងធម្មជាតិ ទុកពេលវេលាសម្រាប់ខ្លួនឯង មានន័យថាកាត់ផ្តាច់ខ្លួនឯងចេញពីបច្ចេកវិទ្យាដោយសារម្នាក់ៗរវល់ពេកជាមួយនិងកំព្យួរទ័រនិងទូរស័ព្ទដៃ អីចឹងយើងធ្វើកម្មវិធីដើរព្រៃនៅតំបន់អង្គរនេះជួយឱ្យគាត់បានសម្រាកលំហែរខួរក្បាលនិងការគិត។ពិសេសជាងនេះទៅទៀតគាត់បានស្តាប់និងអនុវត្តនៅមេរៀនយុគៈ សមាធិដែលជាមេរៀនមួយយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ផ្លូវចិត្តរបស់ពួកគាត់។
លោក ធឿន វុឌ្ឍី បញ្ជាក់ថា«ថ្វីត្បិតយើងចូលរួមដើរព្រៃនៅតំបន់អង្គរតែមួយព្រឹកប៉ុន្តែយើងទទួលបានចំណេះដឹងធំទូលាយដែលអាចឱ្យយើងយកទៅអនុវត្តប្រចាំថ្ងៃ ។លើសពីនេះគាត់បានសា្តប់អ្នកជំនាញវប្បធម៌រៀបរាប់ពីភាពអស្ចារ្យនៃអាណាចក្រខ្មែរដែលយើងឈរនៅលើទឹកដីអង្គរ ថាខ្មែរយើងពីដើមមានភាពរុងរឿងកម្រិតណា ហើយយើងអាចឆ្លុះបញ្ចំាងនិងរៀនសូត្រពីគំរូវីរៈភាពរបស់មហាក្សត្រខ្មែរដែលបានដឹកនាំប្រទេសប្រកបដោយភាពខ្លាំងក្លាហើយថា តើមហាក្សត្រខ្មែរគាត់ប្រើគោលការណ៍អ្វីខ្លះ? អីចឹងពេលយើងស្តាប់យើងនឹងបានមេរៀនសម្រាប់ជីវិតយើងផងដែរ»។
លោកលើកឡើងថា ជាទូទៅពលរដ្ឋខ្មែរភាគច្រើនអត់យល់ឬអត់បានដឹងពីភាពអស្ចារ្យរបស់ដូនតាខ្លួនឯងតែនៅពេលយើងធ្វើការអត្ថាធិបាយប្រាប់គាត់ទៅ ពួកគាត់មានភាពរំភើប រំជួលចិត្តមិននឹកស្ថានថាដូនតាខ្មែរខ្លាំងដល់ម្តឹងនោះទេ ដែលកាលពីមុនៗគាត់មកកម្សាន្តនៅអង្គរមានលក្ខណៈធម្មតាៗ ថតរូបគ្រប់គ្រាន់ហើយត្រឡប់ទៅវិញ។តែនៅពេលគាត់បានស្តាប់ហើយទើបគាត់បានយល់ថាការចូលរួមពិតជាមានតម្លៃបានយល់ពីភាពអស្ចារ្យរបស់ខ្មែរពីដើម។
លោក ធឿន វុឌ្ឍី អ្នកជំនាញខាងវប្បធម៌បន្តថា« អ្នកចូលរួមដើរព្រៃនៅតំបន់អង្ករកន្លងទៅ ភាគច្រើនជាអ្នកធ្វើធុរកិច្ចនៅក្នុងស្រុក ហើយនៅកម្មវិធីដើរព្រៃលើកទី៥នេះរំពឹងថានិងទទួលបានអ្នកធ្វើធុរកិច្ចក្នុងស្រុកច្រើនថែមទៀតនិងអ្នកទេសចរបរទេសមួយចំនួនផ្សេងទៀតផងដែរ»។
លោក វ៉ាត់ សាវឿង ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប និងជាសហស្ថាបនិកក្រុមហ៊ុនទេសចរណ៍ មរតក អៅដរ ខេត្តសៀមរាបបានឱ្យដឹងថា «វនយាត្រាលើកទី៥» ជាកម្មវិធីសំខាន់ប្រចាំ២០២៣ ហើយធ្វើឡើងមានគោលបំណងសំខាន់ៗ ចំនួន៤៖១)-ផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងធម្មជាតិឡើងវិញ តាមរយៈការយល់ដឹងពីសារៈសំខាន់នៃព្រៃឈើនិងជីវិត។២)-អនុវត្តយោគៈ និងបដិបត្តិសមាធិដើម្បីបង្កើនថាមពលផ្លូវកាយនិងផ្លូវចិត្តក្នុងព្រៃនៃទីក្រុងអង្គរបុរាណ។៣)-កម្ចាត់ភាពតប់ប្រមល់ ជំងឺស្ត្រេស ជំងឺបាក់ទឹកចិត្តនិងថប់បារម្ភ តាមរយៈការផ្សារភ្ជាប់ជាមួយធម្មជាតិនិង៤)-លើកកម្ពស់ និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការដើរព្រៃ ព្រមទាំងសិក្សាឈ្វេងយល់វប្បធម៌ប្រវត្តិសាស្ត្រ អង្គរនៃចក្រភពខ្មែរដ៏រុងរឿងនាអតីតកាល។
បើតាមប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប កម្មវិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាថ្នាក់ដឹកនាំជាតិ នៃ ចេ ស៊ី អាយ កម្ពុជា ថ្នាក់ដឹកនាំនិងសមាជិក ចេ ស៊ី អាយ កម្ពុជា សៀមរាប ស្ថាប័នពាក់ព័ន្ធ។ ជាពិសេស អ្នកចូលរួមនឹងបានជួបជាមួយអ្នកជំនាញផ្នែកយោគៈ ,សមាធិ ព្រមទាំងអ្នកជំនាញ ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ លើទឹកដីអង្គរដ៏អស្ចារ្យ។
អ្នកចូលរួមកំណត់ចំនួនត្រឹមតែ២០០នាក់ប៉ុណ្ណោះសម្រាប់តម្លៃនៃការចូលរួមគឺចុះឈ្មោះជាក្រុមចាប់ពី១០នាក់ឡើងទៅនឹងទទួលបានតម្លៃពិសេស ២៥ ដុល្លារក្នុងមួយនាក់ ចុះឈ្មោះមុនគេ បង់ថ្លៃ ៣០ ដុល្លារ ចុះឈ្មោះធម្មតា ត្រូវបង់ថ្លៃ ៣៥ ដុល្លារ ជាមួយគ្នានេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងផ្តល់ជូនអាហារពេលព្រឹកនិងថ្ងៃត្រង់ព្រមទាំងភេសជ្ជៈរួមជាមួយនឹងរថយន្តដឹកជញ្ជូនពីសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ទៅកាន់ទីតាំងរមណីយដ្ឋានអង្គរ៕ អត្ថបទ៖សារេត