ក្រៅពីតារាចម្រៀងខេមរៈ សិរីមន្ដ ខេម តន់ ច័ន្ទសីម៉ា ធឿន បុរី ឥឡូវនេះលេចមុខតារាចម្រៀងល្បីឈ្មោះវ័យក្មេងម្នាក់ទៀតហើយ គឺកញ្ញា អ៊ុក សុវណ្ណារី បានស្ម័គ្រចិត្តជួយផ្សព្វផ្សាយពីកសិផលនៅផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា។

គិតត្រឹមដើមសប្ដាហ៍ទី៤ នៃខែមេសា នេះ កញ្ញា អ៊ុក សុវណ្ណារី ម្ចាស់បទបទ”ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” គឺជាតារាចម្រៀងទី៥ ដែលបានចូលរួមគាំទ្រកសិផលធម្មជាតិ និងលើកកម្ពស់ជីវភាពកសិករ តាមរយៈចុះទៅដល់មូលដ្ឋាន ឬកន្លែងដាំដុះផ្ទាល់របស់កសិករ ដើម្បីផ្សព្វផ្សាយពីសកម្មភាពទាំងនោះដល់អ្នកគាំទ្ររបស់ខ្លួន និងអ្នកនិយមទទួលកសិផលសរីរាង្គ។

ក្រៅពីជា តារាដែលជួយផ្សព្វផ្សាយលើកកម្ពស់បន្លែធម្មជាតិ កញ្ញា អ៊ុក សុវណ្ណារី ក៏នឹង មានផែនការចុះស្វែងយល់ក៏ដូចជា លើកទឹកចិត្ត តារាទីតាំង ចម្ការបន្លែ របស់កសិករតាមបណ្ដាខេត្តផងផងដែរ។
វត្តមានរបស់ កញ្ញា អ៊ុក សុវណ្ណារី ក៏ដូចជា តារារៀមច្បងផ្សេងទៀត ត្រូវបានអ្នកគ្រប់គ្រងផ្សារ បង្ហើបឲ្យដឹងថា ជាការស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយពីសកម្មភាពផ្សារមួយនេះដោយឥតគិតថ្លៃ ក្នុងន័យលើកកម្ពស់សុខុមាលភាព និងកសិផលធម្មជាតិ។

តាមប្រភពច្បាស់ការ ផ្សារកសិផលធម្មជាតិ ដែលលក់តែបន្លែងផ្លែឈើធម្មជាតិ របស់កសិករខ្មែរនេះ មិនមែន ខេមរៈ សិរីមន្ដ ខេម តន់ ច័ន្ទសីម៉ា ធឿន បុរី នឹង កញ្ញា អ៊ុក សុវណ្ណារី ប៉ុណ្ណោះទេ ដែលបានស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយពីសកម្មភាពផ្សារមួយនេះដោយឥតគិតថ្លៃ ឳក សុគន្ធ កញ្ញា ពេជ្រ សោភា លោក ព្រាវ សុវត្ថិ ក៏នឹង ស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយដោយឥតគិតថ្លៃដូចគ្នា ហើយពួកគេមួយចំនួន កន្លងមកគេឃើញមានការផុស លើFacebook របស់ខ្លួន បង្ហាញពីកាតគាំទ្រនេះដូចគ្នា ។

ហេតុដែលនាំឲ្យតារាល្បីៗទាំងនេះ ស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយដោយឥតគិតថ្លៃ ក៏ព្រោះតែពួកគេ មានទំនាក់ទំនងល្អជាមួយ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងម្យ៉ាងទៀតពួកគេ គិតថា ផ្សារមួយនេះ នឹងជួយ ច្រើនដល់ កសិផលដែលដាំដោយ កសិករខ្មែរ កាន់តែមានទីផ្សារ ខណៈដែលបច្ចុប្បន្នក៏ដូចជា ពេលកន្លងទៅ ធ្លាប់តែឃើញកសិករខ្មែរ ត្អូញត្អែរ ពីផល កសិកម្មរបស់ពួកគាត់ មិនមានឈ្មួញមកជួយទិញ ហើយបើទិញវិញ តម្លៃក្រោមទីផ្សារ មិនរួចទាំងថ្លៃ ដើមផលិតផងនោះ៕



