សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើដល់ប្រធានាធិបតី ស៊ី ជីនពីង ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពីប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ នេះបើយោងតាមជំនួបពិភាក្សាការងារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា «សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១»។
កាលពីខែមករា កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះមានទេសចរចិនប្រមាណ២ម៉ឺន៥ពាន់នាក់ មានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះធ្វើដំណើរចូលមកកម្ពុជាតាមជើងហោះហើរចំនួន ១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង។
នៅថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ តំណាងក្រុមហ៊ុនទេសចរណ៍ចិនជាង ៣០នាក់មកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីរដ្ឋាភិបាលចិនបើកឱ្យមានដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេសឡើងវិញ។ វត្តមានរបស់តំណាងក្រុមហ៊ុនទេសចរណ៍ចិននេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធរបស់កម្ពុជា។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយកម្ពុជាស្វាគមន៍ភ្ញៀវទេសចរ និងក្រុមហ៊ុនទេសចរណ៍ចិនមកកម្ពុជាដោយលើកទី១កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរចិនប្រមាណជាង១០០នាក់បានហោះត្រង់ពីចិនមកក្រុងព្រះសីហនុ លើកទី២ ថ្ងៃទី៦កុម្ភៈនេះ ទទួលប្រធានក្រុមហ៊ុនទេសចរចិន ប្រមាណ៣០នាក់ ហើយក៏នឹងត្រៀមទទួលភ្ញៀវទេសចរចិនជាច្រើនថែមទៀតនៅថ្ងៃបន្តបន្ទាប់៕