នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញលិខិតតបនឹងចិត្តសប្បុរសរបស់តារាចម្រៀងរបស់ផលិតកម្មសាន់ដេ គឺកញ្ញា សុខ ពិសី បន្ទាប់ពីកំពូលតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានបរិច្ចាគថវិកាសន្ធឹកសន្ធាប់ជូនរាជរដ្ឋាភិបាលទប់ទល់ Covid-19។

ថវិកាដែល កញ្ញា សុខ ពិសី បានចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីទប់ទល់ Covid-19 មានចំនួន២ពាន់ដុល្លារ ដែលសកម្មភាពចិត្តសប្បុរសក្នុងការបរិច្ចាគនេះ ស្រដៀងនឹងសិល្បករខ្មែរជាច្រើនទៀតដែរដែរ។

នៅក្នុងលិខិតចុះហត្ថលេខារបស់សម្ដេចតេជោ រាជរដ្ឋាភិបាលសូមកោតសរសើរដល់ទឹកចិត្តសប្បុរសរបស់កញ្ញា និងសូមជូនពរឲ្យតារាស្រី និងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាង ៥០លើពិភពលោកដែលរងការរាតត្បាតរបស់ ខូវីត ១៩ មានសិល្បករជាច្រើនបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែកជាមួយរដ្ឋាភិបាលទប់ទល់នឹងជំងឺខាងលើ ក្នុងនោះគេឃើញមានដូចជា កញ្ញា ស៊ិន យូប៊ីន លោក ណុប បាយ៉ារិទ្ធ ឧកញ៉ា ឡេង ណាវ៉ាត្រា សុខ ពិសី និងសុវត្ថិឌី ធារិកា ជាដើម។

តាមផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន សម្រាប់ការចូលរួមពីសប្បុរសជនដែលនាំមុខដោយព្រះមហាក្សត្រនិងសម្តេចម៉ែគិតត្រឹមថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២០ ទទួលបាននូវជំនួយចំនួន13,998,698ដុល្លារ។ សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការបរិច្ចាគបៀវត្សមានចំនួន២២០៦១នាក់ដែលមានទំហំទឹកប្រាក់២៨ ៨១៤ ០២៥ ០០០រៀល៕