ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសពិធីបុណ្យនៃក្តីស្រឡាញ់ ក្រុមហ៊ុនហ៊ួត ជា ចែកចាយសម្ភារៈសំណង់ដ៏ធំនៅកម្ពុជា ដែលមានឧកញ៉ាហ៊ួត ជា ជាអគ្គនាយក តែងតែបានដឹកនាំបុគ្គលិក និងជាដៃគូសហការរបស់ខ្លួន ចូលរួមចែករំលែកក្តីស្រឡាញ់ដល់កុមាររងគ្រោះដោយការរំលោភបំពាននានា និងកុមារដែលត្រូវបានទទួលយកមកចិញ្ចឹមបីបាច់ថែទាំនៅក្នុងមណ្ឌលមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែក ជាមួយរាជរដ្ឋាភិបាល ជួយដល់កុមារងាររងគ្រោះ ជនទីទាល់ក្រ និងមនុស្សដទៃទៀត ដែលមានតម្រូវការចាំបាច់នៅក្នុងសង្គម។

នៅចំពោះមុខកុមាររងគ្រោះ ដោយការរំលោភបំពាន ឧកញ៉ា ហ៊ួត ជា បានថ្លែងនូវក្តីអាណិតអាសូរ សណ្តោសប្រណីជាពន់ពេក ចំពោះកូនៗដែលមានទុកលំបាក ក៏ដូចជាបញ្ហាក្នុងជីវិតតាំងពីកុមារភាពមកនេះ។ លោកឧកញ៉ាក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនានា ក៏ដូចជាអង្គការអាហ្វេស៊ីត ដែលតែងតែយកចិត្តទុកដាក់ជួយទំនុកបម្រុងមើលថែទាំក្មួយៗដោយក្តីស្រឡាញ់ពេញចិត្ត និងមេត្តាធម៌។
ក្នុងនាមវិស័យឯកជន ដែលពឹងអាស្រ័យជាមួយសង្គម ឧកញ៉ាតែងតែផ្ដល់ជាសម្ភារៈគ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌ តាមរយៈថ្នាក់ដឹកនាំ ក៏ដូចជាទៅដល់មណ្ឌលឬអង្គការផ្ទាល់ ដើម្បីចូលរួមចែករំលែកជាមួយរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុកសម្រាប់ក្តីសន្តោសប្រណី ចំពោះកុមាររងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋ ដែលងាយរងគ្រោះនានា។
ប្រាប់អ្នកសារព័ត៌មាន នៅក្នុងមជ្ឈមណ្ឌលអង្គការអាហ្វេស៊ីត លោកស្រី ម៉ម ម៉ាលី អគ្គនាយិការអង្គការ អាហ្វេហ្ស៊ីតបានមានប្រសាសន៍ឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ កុមាររងគ្រោះនៅក្នុងអង្គការអាហ្វេស៊ីតតែងតែទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជនបន្ថែម ពីលើការគាំទ្រទាំងស្រុង ពីសំណាក់សម្ដេចទាំងទ្វេរ។
ការឧបត្ថម្ភគាំទ្រពីសុំសប្បុរសជន មិនចំពោះតែថវិកាឬសម្ភារៈប្រើប្រាស់នោះទេ ការផ្ដល់ភាពកក់ក្តៅ ផ្ដល់នូវគំនិតអប់រំ ការលួងលោម ផ្ដល់កម្លាំងចិត្ត និងការសោបថ្នមថ្នាក់ ក៏ជាអំណោយមនុស្សធម៌ដ៏សំខាន់មួយ សម្រាប់កុមាររងគ្រោះដោយការរំលោភបំពានទាំងនេះ។ ពួកគេពិបាកណាស់ទៅហើយ ដែលត្រូវគេរំលោភបំពានលើរូបកាយទាំងកុមារភាព ការព្រាត់ប្រាស់ពីក្រុមគ្រួសារ ការមើលងាយមើលថោក ការរើសអើង និងភាពភ័យខ្លាចនៅជាប់កាយជារៀងរហូតមក ពួកគេពិតជាត្រូវការ ចំពោះការលួងលោមថ្នាក់ថ្នម និងផ្ដល់ភាពកកក់ក្តៅពីយើងគ្រប់គ្នា។
ក្រៅពីផ្ដល់អំណោយជាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគ ដល់កុមារងាយរងគ្រោះ កុមាររងគ្រោះ ដោយការរំលោភបំពាន ឧកញ៉ាហ៊ួត ជា ក៏បានចែករំលែកនូវចំណេះដឹង និងជំនាញ បទពិសោធន៍ ក្នុងការរកទទួលទាន ការធ្វើទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម ដល់ដៃគូរសហការរបស់ខ្លួន មកពីគ្រប់បណ្តារាជធានីខេត្តទូទាំងប្រទេសផងដែរ៕




