នេះជាព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run លើកទី២ ហើយ ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាការអបអសាទរដាក់ឲ្យដំណើរការភេសជ្ជៈ វី អាកទីវ (V-Active) ក្រហម ស្ថិតនៅសួន Vanttanac Capital Lifestyle Park ផ្ទាល់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ទន្ទឹមនឹងការរត់ប្រណាំងនេះ យើងក៏ឃើញមានវត្តមានរបស់អាយដលល្បីៗ ចំនួន៧រូប រួមមាន អាយដល Top5 កញ្ញា មាស សុខសោភា, ពូ ឃ្លាំង, កញ្ញា ចិត្ត កញ្ចនា , លោក SAI , កីឡាការិនី Tharoth Sam និងលោក ណាន វីសារ ដែលរត់បណ្តាក់គ្នាពីទីតាំងមួយ ទៅទីតាំងមួយទៀត ផ្តើមចេញពីអគារវឌ្ឍនៈ កាពីតាល ដោយរត់បណ្តាក់ចម្ងាយ១៩គីឡូម៉ែត្រ និងរត់ ឬដើរចម្ងាយ៥គីឡូម៉ែត្រ។ លើសពីនេះ ក៏មានការចូលរួមពីសិល្បៈករ និងសិល្បៈការិនីល្បីៗ ជាច្រើនរូបទៀត នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។
នៅក្នុងនោះ តារាចម្រៀង មាស សុខសោភា បានលើកឡើងថា ការរត់ប្រណាំងនេះ មិនមែនជាការរត់ដើម្បីចាញ់ ឈ្នះទេ គឺរត់ដើម្បីសុខភាព ហើយជាការចូលរួមដោយសេរី។

នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យលើកទី២ នៅទីក្រុងភ្នំពេញនេះ ជាការបញ្ជាក់ពីបេះដូងនៃប្រទេសកម្ពុជា ទាមទារឱ្យមានភាពស្វាហាប់ និងរស់រវើកជានិច្ចមិនថាក្នុងអំឡុងពេលហ្វឹកហាត់ និងប្រកួត។ ភេសជ្ជៈកីឡា វី-អាក់ទីវ គឺជាជំនួយការដ៏ចាំបាច់ដែលជម្រុញឱ្យកាន់តែមានភាពស្រស់ស្រាយ កម្លាំងមាំមួន គ្រប់កាលៈទេសៈ ហើយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូប៊ើរី នៅតែប្តេជ្ញាបន្តគាំទ្រ និងលើកកម្ពស់វិស័យសុខុមាលភាពនិងកីឡានៅកម្ពុជា ជាបន្តបន្ទាប់ទៀត។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏មានការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដោយមានអ្នកចូលរួមយ៉ាងកុះករប្រមាណ១០០០នាក់ ស្ថិតនៅខេត្តព្រះសីហនុ។ ហើយព្រឹត្តិការណ៍នេះ នឹងមានការរំពឹងជាលើកទី៣ នៅទឹកដីខេត្តសៀមរាប ក្នុងពេលខាងមុខផងដែរ៕



