លោកគ្រូ ទិត្យ សែម សាស្ត្រាចារ្យផ្នែកល្ខោនខោលបានទទួលមរណភាពហើយ កាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០ នៅថ្ងៃបុណ្យសព្វ វិញ្ញាណរបស់លោកបានចូលសណ្ឋិតចាំប្រុសដែលមិនដែលចេះរាំសោះ ទៅរាំនៅមុខមជ្ឈូស ធ្វើឲ្យម្នាក់ៗដែលចូលរួមពិធីបុណ្យនោះ ព្រឺសម្បុរគ្រប់ៗគ្នា។
មិនមានឯកសារណាមួយ បានលំអិត ពីប្រវត្តិ លោកគ្រូ ទិត្យ សែម នោះទេ ប៉ុន្តែលោកត្រូវបានមហាជនស្គាល់ថា សាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោលជាង៤០ឆ្នាំមកហើយ។ ជាង៤០ឆ្នាំ នៃជីវិតលើវិថីសិល្បៈនេះ លោក ទិត្យ សែម បានសាងស្នាដៃជាច្រើនធ្វើឲ្យសិស្សានុសិស្សដែលបានសិក្សាជាមួយលោក គោរពស្រលាញ់ជាខ្លាំង។ ក្នុងនោះដែរ ក្រៅពីសម្ដែងក្នុងស្រុក លោកធ្លាប់បានចេញសម្ដែង ជំនាញសិល្បៈរបស់លោកនៅក្រៅប្រទេសជាច្រើនប្រទេស។ លោក បានទទួលមរណភាពកាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០ដោយរោគាពាធ។
ក្រៅពីការសោកស្ដាយអាឡោះអាល័យ នៅការបាត់បង់ធនធានសិល្បៈ ដ៍សំខាន់មួយនេះ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺធ្វើពិធីបុណ្យសពតាមប្រពៃណី ដើម្បីជាកិច្ចជូនដំណើរលោកទៅកាន់ទីឋានដែលសុខសាន្តនោះ ស្រាប់តែមានហេតុការណ៍មួយបានកើតឡើង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងពិធីបុណ្យ។
បុរសម្នាក់ដែល គេស្គាល់ថា ជាចៅបង្កើតរបស់ លោក បានងើបឡើងរាំ ក្បាច់យក្សនឹងក្បាច់ស្វា ស្របពេលដែលភ្លេងពិណពាទ្យកំពុងតែលេងកំដរ រោង ដោយចៅប្រុសម្នាក់នោះកន្លងមក មិនធ្លាប់ចេះរាំ សូម្បីតែបន្តិច។ ដំណើរនៃការរាំរបស់ចៅប្រុសម្នាក់នោះ អ្នកដែលចូលក្នុងពិធី និយាយថា មានលក្ខណៈដូចនឹងលោកគ្រូ ទិត្យ សែម តែម្ដង ហើយម្នាក់គិតថា វិញ្ញាណរបស់លោកបានចូលសណ្ឋិត ។ ពេលឃើញសកម្មភាពរាំរបស់ ចៅប្រុសម្នាក់នោះ ម្នាក់ៗបានទាញទូសព្ទថត ទាំងព្រឺសម្បុរគ្រប់ៗគ្នា៕