កាលពីពេលថ្មីៗនេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចុះអនុស្សរណយោគយល់ ភាពជាដៃគូសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើការប្រគុំតន្ត្រី នៅទូទាំង ២៥ រាជធានី-ខេត្ត ក្រុង ប្រចាំឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ជាង ១ លានដុល្លារ ។
ការចុះអនុស្សរណៈយោគយល់នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរឹតបន្តឹងភាពជាដៃគូ និងបង្ហាញពីមិត្តភាពយូរអង្វែង ក៏ដូចជាការជឿទុកចិត្តគ្នា យ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំង ២។
អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងឱកាសនៃកម្មវិធីចុះអនុស្សរណៈនៃការ យោគយល់ រវាងក្រុមហ៊ុនទាំង២ និងបានអំពាវនាវឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ ធំៗ បន្តបន្ទាប់ទៀតផងដែរ។
បន្ថែមពីនោះ អ្នកឧកញ៉ា ថែមទាំងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែផ្ដល់ទំនុកចិត្ត និងការជឿទុកចិត្តចំពោះផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា តាមរយៈការបង្កើតឲ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនឈានមុខគេ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ទន្ទឹមគ្នានោះ អ្នកឧកញ៉ា លាង ម៉េង ក៏បានលើកកិច្ចសហការរវាង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ថាកំពុងរួមចំណែក លើកមុខមាត់វិស័យសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជស ជាពិសេសបានបង្កើតឱកាសការងារជាច្រើនដល់សិល្បករខ្មែរ។
គួរបញ្ជាក់ថា ផលិតកម្ម ហ្គាឡាក់សុី ណាវាត្រា គិតមកទល់ពេលនេះ មានអាយុ ០៥ឆ្នាំ ក៏ពិតមែន ប៉ុន្តែផលិតកម្មខ្នាតយក្សមួយនេះ បាននឹងកំពុងបោះជំហានទៅមុខយ៉ាងលឿន។ ជាពេស ផលិតកម្មតែងតែ ព្យាយាមបង្កើតអ្វីថ្មី និងតាមចាប់យកមហិច្ឆតាធំៗមកបង្ហាញជូនប្រជាជនកម្ពុជា ជាពិសេសការសម្លឹងឃើញឱកាស បង្កើតកិច្ចសហប្រតិបត្តិការថ្មីៗជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស ថែមទៀតផង ៕