ក្រសួងសុខាភិបាល ឲ្យដឹងមុននេះថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃសិន ដោយហេតុផលលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ការបិទបណ្តោះអាសន្ននេះដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធនៅទីនោះទាំងផ្ទាល់ និងប្រយោល ក៏ដូចជាដើម្បីទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតឡើងដោយសារជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួននៃការធ្វើសេត្តរកវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៉ីអន១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។