ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ(Stop Covid-19) ត្រូវបានក្រសួងសុខាភិបាល សហការជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រៀបចំ បំពាក់តាមទីតាំងដែលមានមនុស្សចេញចូលច្រើនញឹកញាប់មួយចំនួន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម។ កិច្ចសហការលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមួយនេះ ធ្វើឡើងក្រោយផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ តែម្ដង។
ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់កូវីដ-១៩ ឬហៅថា Stop Covid-19 រៀបចំឡើងក្នុងគោលបំណង កត់ត្រាទុកទីតាំងរបស់បុគ្គល ដេលបានចេញ-ចូល តាមការកន្លែងប្រជុំជនមួយចំនួន ដូចបានរៀបរាប់ខាងលើ និងដើម្បីបង្កភាពងាយស្រួល ស្វែងរកអ្នកជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ប្រសិនបើក្នុងករណីរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩។ យ៉ាងណាមិញ ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា ប្រព័ន្ធនេះនឹងមិនមានការតាមដានឯកជនភាពរបស់បុគ្គលឡើយ បើអ្នកស្កេននេះ មិនមែនជាមុខសញ្ញាត្រូវស្វែងរក។
ដើម្បីទាញយកប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ យកទៅប្រើប្រាស់ ម្ចាស់ទីតាំងអាជីវកម្ម ដែលកំពុងតែផ្ដល់សេវាកម្មដល់មនុស្សម្នាចេញ-ចូលច្រើន ទាំងឡាយ គ្រាន់តែចូលទៅកាន់ គេហទំព័រ stopcovid.gov.kh រួចចុចលើពាក្យថា «ស្នើសុំ QR Code» ហើយយកទៅបិទតាមតាំងអាជីវកម្ម និងកន្លែងធ្វើការលោកអ្នកជាការស្រេច៕