រដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ធ្វេីការអំពាវនាវសារជាថ្មីម្តងទៀត ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លេីស្ថានភាពឆ្លងបច្ចុប្បន្ននេះ គឺវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហេីយ។

បើតាមលោកជំទាវ ពេលនេះ នៅផ្ទះ និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡេីងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រេីសរេីសយកការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។

អ្នកនាំពាក្យរូូបនេះបន្តថា សូមចងចាំថា វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។

លោកជំទាវសូមបងប្អូនថែរក្សាសុខភាព និងមេីលកូនចៅឱ្យបានល្អ កុំឱ្យដេីរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បេីមិនមានការចាំបាច់ទេនោះ សូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។

ដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលេីនេះជាដេីម ហេីយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ ទាំងអស់គ្នា ដែលយេីងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។

លោកជំទាវ បានគូសបញ្ជាក់ថា បរាជ័យ ឫជោគជ័យលេីការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ គឺអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់គ្នា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ បម្លែងថ្មីនាពេលនេះផងដែរ៕