លោក ផែង វណ្ណៈ បានចេញមុខ Live វីដេអូលើហ្វេសប៊ុកខ្លួន សុំទោសជាសាធារណៈទាំងយប់ និងទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន ដែលបានធ្វើការរិះគន់ និងប្រើប្រាស់ពាក្យមិនសមរម្យទៅលើ ធ្វើឱ្យប៉ះពាល់ដល់ព្រះមហាវិមលធម្ម ពិន សែម ចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។


ក្នុងថ្ងៃទី១៨ មីនា ២០២១នេះដែរ គណៈសង្ឃខេត្តសៀមរាបក៏បានដាក់សំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះលោក ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។

មើលឃើញពីកំហុសឆ្គង មិនសមរម្យ ខុសវិជ្ជាជីវៈ ប្រាសចាកនឹងគោលការណ៍ណែនាំរបស់ខ្លួន ក្រសួងព័ត៌មាន ក្នុងនាមស្ថាប័នដែលធ្លាប់បានផ្ដល់អាជ្ញាបណ្ណ Pheng Vannak News ដល់លោក ផែង វណ្ណៈ ក៏បានចេញប្រកាសសម្រេចដកអាជ្ញាបណ្ណនេះចេញវិញផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១៕
