ក្រោយមានការចែករំលែកបន្តគ្នានូវព័ត៌មាន ចចាមអាររ៉ាមក្រៅផ្លូវការ ស្ដីអំពីការបើកអង្គប្រជុំត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចេញមកបដិសេធភ្លាមៗ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការយល់ប្រឡំ ឈានដល់បង្កើតជាភាពវឹកវរ និងជ្រួលច្របល់ក្នុងសង្គម។
លោកជំទាវថ្លែងថា៖ “ខ្ញុំសូមបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និងមិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឱ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។ សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ សុំមេត្តាកុំចែកចាយបន្តទៀតអី ដែលធ្វើឱ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ”។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ អ្នកនិយមលេងបណ្ដាញសង្គម បញ្ឈប់ការចែករំលែកសារអនាមិកនេះបន្តទៀត ជៀសវាងការប្រឈមចំពោះមុខច្បាប់ និងធ្វើឱ្យប្រទេសជាតិច្របូលច្របល់ ជាពិសេសប្រជាពលរដ្ឋដែលពួកគាត់មិនបានផ្ទៀតផ្ទាត់ព័ត៏មានច្បាស់លាស់ សម្រុកទៅទិញទំនិញមកស្តុកទុកនៅតាមផ្ទះ ជាហេតុធ្វើឱ្យទំនិញសព្វមុខឡើងថ្លៃខ្លាំង និងបាត់បង់ការរក្សាគម្លាតសុវត្ថិភាពសង្គមនៅតាមទីផ្សារ ឬទីប្រជុំជននានា និងកុំភ្លេចបន្តគោរពឱ្យបាននូវវិធាន៖ ៣ការពារ ៣កុំ!