ក្នុងសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមានមន្ត្រីជំនាញ ពីស្ថាប័នពាក់ព័ន្ធ ធ្វើការបកស្រាយពន្យល់ដល់សាធារណៈជន តាមវីដេអូ Live ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា៖ «សូមបងប្អូនក្នុងតំបន់លឿងកុំទាន់សន្តិភាព ដោយភ្លេចខ្លួនមិនយកចិត្តទុកដាក់ឱ្យសោះ»។
ឯកឧត្ដមអភិបាលរង ក៏បានសង្កត់ធ្ងន់ទៀតថា៖ ថ្វីបើបងប្អូនប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងតំបន់លឿង ដែលបង្ហាញពីកម្រិតស្រាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន តែតំបន់នីមួយៗ អាចនឹងត្រូវបានអាជ្ញាធរ វាយតម្លៃ ឈានទៅផ្លាស់ប្ដូរពណ៌តំបន់វិញបាន បើសិនរកឃើញថា មានហានិភ័យ ឬការឆ្លងរីករាលដាល ណាមួយជាយថាហេតុ។ ដូច្នេះហើយ សូមបងប្អូនក្នុងតំបន់លឿង ឬតំបន់លឿងទុំក៏ដោយ មិនត្រូវធ្វេសប្រហែស មានការជួបជុំភ្លេចផ្សេងៗឡើយ ជាពិសេសត្រូវបន្តអនុវត្តន៍វិធាន ៣ការពារ ៣កុំ របស់ថ្នាក់ដឹកនាំ៕