ក្រោយទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់យ៉ាងកាច បណ្ដាលឱ្យដើមពោធិ៍ដែលមានប្រវត្តិទាក់ទងនឹងរឿង “ទុំទាវ” អាយុកាលរាប់រយឆ្នាំដួលរាបដល់ដី នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ដែលស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រ “ទុំទាវ” ភូមិជើងខាល ឃុំ មង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។



រឿងទាវកើតឡើងនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ចន្លោះពីឆ្នាំ១៥៦៨ ដល់១៥៧៦ (ប្រភពពីលោក អេង សុត) តាមរយៈសាច់រឿង “ទុំទាវ”បានកើតឡើងនៅភូមិ ពោធិ៍ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នា ថាដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។



បច្ចុប្បន្ននេះដើម ពោធិ៍ “ទុំ”អ្នកស្រុកបានធ្វើខ្ទមមួយនៅក្រោមដើមពោធិ៍និងមានរូបសំណាក់រូបអ្នកតា នៅក្នុងខ្ទមនោះ ហើយក៏ដាក់ឈ្មោះថា “ផ្ទះលោកតាក្រហមក” ។ ចំណែកឯដើមពោធិ៍ “ទាវ” វិញគេបានសង់ខ្ទមមួយដែរ ហើយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ៕
ប្រភព: លោក ហាក់ សុខមករា

