រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស ទើបបានបានប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ថា រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ ដែលជាអ្នកដំណើរទៅពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ការស្រាវជ្រាវបឋមរបស់ក្រុមការងារជំនាញ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា អ្នករួមដំណើរទាំងអស់ក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានទាំង៥រូបខាងលើ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ដោយផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង)។


ក្រុមការងារជំនាញនឹងបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប