កម្ពុជា​កាន់តែ​ខិត​ទៅ​រក​ជ្រលង​គ្រោះថ្នាក់​ហើយ​​ ​មន្រ្តី​សុខាភិបាល​ជាតិ​ អន្តរជាតិ​ចេញ​សារព្រមាន​ព្រម​គ្នា​

ព័ត៌មានថ្មីៗ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេស​កម្ពុជានៅពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីយប់ម្សិលមិញលោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “ពួកយើងកំពុងតែព្រួយបារម្ភមែនទែន ដែលកម្ពុជាអាចនឹងឈានហួសបន្ទាត់ក្រហម ក្នុងករណីដែលបុគ្គលមួយចំនួននៅតែមិនយកចិត្តទុកដាក់អនុវត្តវិធានការការពារឱ្យបានម៉ត់ចត់ទេនោះ។ ពួកយើងត្រូវធ្វើសកម្មភាពទាំងអស់គ្នាជាបន្ទាន់ និងដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផ្លាស់ប្តូរស្ថានការណ៍ពេលនេះ ព្រោះថាពេលនេះស្ថានភាពនៃការរីករាលដាលវីរុសទ្រង់ទ្រាយធំនៅក្នុងសហគមន៍ កំពុងតែនៅចំពោះមុខយើងទាំងអស់គ្នាហើយ ក្នុងករណីយើងមិនយកចិត្តទុកដាក់អនុវត្តទេនោះ”។

ក្នុងករណីដែលឈានហួសបន្ទាត់ក្រហមមែននោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា បើហ៊ានតែឈានហួសនោះ យើងនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងពេលនេះ ហើយបើនិយាយឱ្យស្រួលយល់ គឺនឹងមានការរាតត្បាតដែលមិនដឹងក្បាលដឹងកន្ទុយ ដែលស្មើនឹងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង ករណីមរណភាពក៏នឹងកើនឡើងច្រើនជាង បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) ដូចគ្នា ក៏​បានលើកឡើងពីកង្វល់ដែលស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ហាក់ពុំមានធូរស្រាលនៅឡើយ ដោយករណីឆ្លងថ្មី និងមរណភាពថ្មី នៅសប្តាហ៍នេះនៅតែបន្តកើនឡើង បើទោះជាកម្ពុជាបាននិងកំពុងប្រយុទ្ធដោយគ្មានការនឿយហត់នឹងវីរុសកូវីដ-១៩ ក៏ដូចជាពពួកបំប្លែងថ្មី នេះសបញ្ជាក់ឱ្យឃើញថាវិធានការការពារដែលមានស្រាប់ហាក់ពុំសូវមានប្រសិទ្ធភាព ដូច្នេះហើយត្រូវតែដាក់ចេញនូវវិធានការការពារថ្មីៗជាបន្ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត ក៏បានបង្ហាញនូវកង្វល់ដែលថា កម្ពុជាកំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលធ្វើឱ្យមូលដ្ឋានសុខាភិបាលសាធារណៈមិនអាចទ្រទ្រង់បាន ដែលកត្តានេះនឹងធ្វើឱ្យអត្រាមរណភាពកាន់តែកើនឡើង ហេតុដូច្នេះហើយការអនុវត្តវិធានការសុខាភិបាល ត្រូវតែចូលរួមអនុវត្តជាបន្ទាន់ ដោយទទួលខុសត្រូង និងម៉ត់ចត់ជាទីបំផុត។

សូមរម្លឹកថា គិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ ថ្ងៃទី១០ ខែកក្កដា ករណីឆ្លងទូទាំងប្រទេស មានក្នុងរង្វង់ ៩០០ករណី និងករណីមរណភាពមានក្នុងរង្វង់ ២០ករណី ទៅ ៣០ករណី។