ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃសុក្រ ថ្ងៃ៨ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។


សម្តេចតេជោ ក៏បានលើកករណីការបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់នឹងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់ រថយន្តជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និង បណ្តេញចេញពីគណបក្សថែមទៀត។
កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០ភាគរយ។ រីឯម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធ និងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០ភាគរយ។ រថយន្តចង្កូតស្តាំ ត្រូវកែចង្កូតពីស្តាំមកឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

គួររំលឹកជាថ្មីថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចំពោះរថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទនេះ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធ នឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល ដោយគ្មានការយោគយល់ទៀតឡើយ៕
