ករណី ឃាតកម្មមួយកំពុងតែផ្ទុះកក្រើកពេញទីក្រុង ក្រោយនារីម្នាក់ដែលជាភេទទី៣ត្រូវបានគេសម្លាប់ នៅក្នុងផ្ទះបុរី ប្លន់យកគ្រឿងអលង្ការ និងរបស់របរមួយចំនួន ដែលសង្ស័យថាជាមិត្តភក្តិ។ ជនល្មើសត្រូវបានគេស្គាល់ថា ជាម្តាយបង្កើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ។

ដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជា រន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយម្តាយរបស់តារាទាំងមូល បែរជាមកធ្វើរឿងទាំងនេះទៅវិញ។

តាមរយៈការវែកមុខជនសង្ស័យ ឈ្មោះ ស៊ឹម ស្រីនាង រួចមក ពេលនេះក៏មានការធ្វើត្រាប់តាមនូវហេតុការណ៍ដែលបានធ្វើឡើង ចំពោះជនរងគ្រោះដែលជាអ្នកចងការប្រាក់ ត្រូវមិត្តសម្លាប់គ្មានប្រណី។

ជនរងគ្រោះ ឈ្មោះថា សុខ លី វ័យ៤៨ឆ្នាំ មុខរបរចងការប្រាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា ស្រីស្រលាញ់ស្រី បានបាត់ចេញពីផ្ទះ ពេញមួយយប់ហើយនៅថ្ងៃទី១១ ខែមករា ជនរងគ្រោះ បានបាត់ដំណឹងសូន្យឈឹង ដោយមិនលើកទូរស័ព្ទខលហៅចូលទៀតផង ធ្វើឲ្យអ្នកផ្ទះព្រួយបារម្ភយ៉ាងខ្លាំង។ នៅថ្ងៃទី១២ខែមករា វេលាម៉ោងមួយ១រសៀល ក៏ស្រាប់តែទទួលដំណឹងមកថា ជនរងគ្រោះបានស្លាប់ក្នុងផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ ទើបពួកគាត់ប្រញាប់ប្រញា់សំដៅទៅកន្លែងកើតហេតុភ្លាមៗ។

លុះពេលទៅដល់ ក៏មាននារីម្នាក់ ដែលជាសង្សាររបស់ជនរងគ្រោះ បើកទ្វារឲ្យចូលធម្មតា ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់ក្រោយពេលហូបបាយរួច។ ដោយសារតែកើតមានចិត្តសង្ស័យ គ្រួសារជនរងគ្រោះបានចូលទៅមើលសាកសពក៏ឃើញមានស្នាមនៅកនិងចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក ។

ក្រោយកើតហេតុភ្លាម គ្រួសារជនរងគ្រោះបានស្នើរសុំ ឲ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផ្ទាល់ ថែមទាំងបានឃាត់ខ្លួនជនសង្ស័យ ដែលជានារីសង្សារ និងបន្តសាកសួររកជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មមួយនេះ រីឯសពត្រូវបានបញ្ជូនទៅ តម្កល់ទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ត៕



