សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារ នៅព្រឹកថ្ងៃ ពុធនេះថា ក្រសួងការបរទេសចិនមិនអនុញ្ញាតឲ្យសម្តេចទៅកាន់ទីក្រុងវ៉ូហានបានទេ ដោយលើកហេតុផលថា នៅទីនោះកំពុងឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីខ្លាំង ដូច្នេះ ភាគីចិន សម្រេចឲ្យសម្តេចទៅក្រុងប៉េងកាំងជំនួសវិញ។
តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។
ប៉ុន្តែក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើរ ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។
ការបញ្ជាក់របស់ក្រសួងការបរទេសចិន គឺធ្វើឡើងប៉ុន្មានម៉ោងក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានចុះផ្សាយថា ការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន គឺមិនមែនជាឧបសគ្គរបស់សម្ដេចឡើយ។
សូមបញ្ជាក់ថា សម្ដេចតេជោ បានរាយការណ៍សុំការអនុញ្ញាតពីចិន ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងវ៉ូហាន ដើម្បីជួបសួរសុខទុក្ខផ្ទាល់និស្សិតខ្មែរ២៣នាក់ ដែលកំពុងជាប់ក្នុងទីក្រុងនេះ។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី កើនឡើងដល់ជិត ៥០០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ក្នុងនោះ១ករណីស្ថិតក្នុងទឹកដីហ្វីលីពីន ក្រៅពីនេះ អ្នកស្លាប់ទាំងទាំងអស់គឺស្ថិតក្នុងប្រទេសចិន៕