វេជ្ជបណ្ឌិត៖ មេ​រោគ​​កូវីដ១៩ មិនប​ណ្តា​​ល​ឲ្យមនុ​ស្សដួ​ល​សន្លប់ ឬស្លា​ប់​ភ្លាមៗនោះទេ

ព័ត៌មានថ្មីៗ

ភ្នំពេញ៖ អ្នកជំនាញផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអះអាងថា ជំងឺរលាកសួតថ្មី ឬកូវីដ១៩ មិនបណ្តាលឲ្យមនុស្សដួលសន្លប់ ឬស្លាប់ភ្លាមៗនោះទេ។ អ្នកជំនាញអះអាងបែបនះ នៅក្នុងសន្និសីទសារព័ត៌មាន  រៀបចំដោយក្រ​សួងសុខា​ភិបាល កាលរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច ប្រធាននាយកដ្ឋានផ្នែកជំងឺសួតមកពីម​ន្ទីរ​ពេទ្យមិត្តភាព​ខ្មែរ-សូវៀត បានអះអាងថា ការដួលសន្លប់ភ្លាមៗ មិនពាក់​ព័ន្ធនឹងជំ​ងឺរលាកសួតថ្មី ឬកូវីដ១៩នោះទេ។ ការអះអាងនេះ ដើម្បីឆ្លើយទៅនឹងព័ត៌មាន​មួយចំ​នួន ដែលបានផ្សព្វផ្សាយថា មានមនុស្សដួលសន្លប់ និងស្លាប់ភ្លាមៗសង្ស័យ​ករណីមេរោគកូវីដ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

លោក វេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា រោគសញ្ញាជំងឺកូវីត១៩ មានដូចជា ក្តៅខ្លួន​លើសពី៣៨អង្សាសេ ឈឺក ក្អកស្ងួត ហត់ ពិបាកដកដង្ហើម ហើយធ្លាប់​ធ្វើដំណើរ​ទៅប្រទេសដែលមានបញ្ហាប្រឈមនឹងការចម្លងមេរោគកូវីតជាដើម។

ជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យ រស់ ស៊ីណា ប្រធា​ន​ផ្នែកស​រសៃ​ប្រ​សាទ នៃមន្ទីរ​ពេទ្យកាល់​ម៉ែ​ត បានលើកឡើងថា ការដួលសន្លប់នេះមានតាំងពីយូរមកហើយ ពោល​គឺមិនមែនទើបតែមានក្នុងបច្ចុប្បន្នភាពកើតមានករណីកូវីដ១៩នេះទេ។ លោកស្រី បានបញ្ជាក់ដូច្នេះថា៖

រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជា នៅតែមិនទាន់​រកឃើញមានករណីកូវីតថ្មីទៀតនៅឡើយ ក្រៅពីជនជាតិ​ចិនម្នាក់ដែល​បានចូលមក​កម្ពុជាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងករណី​ជនជាតិ​ជប៉ុន ដែលក្រសួងសុខាភិបាលកម្ពុជា បានទទួលព័ត៌មានច្បាស់លាស់ហើយ ពីខាង​ភាគីជប៉ុនថា បុរសជនជាតិជប៉ុនរូបនោះ ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។

ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរកឃើញមនុស្ស ៤៤នាក់ ក្នុងនោះ ៤នាក់ ជាអ្នកដែលមានទំនាក់ទំនងដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់​ទំនងដោយប្រយោល ជាមួយជនជាតិជប៉ុន ដែលរកឃើញមានផ្ទុកជំងឺកូវីដ១៩។ ។

អ្នកដែលធ្លាប់មានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ទាំង ៤៤នាក់ ត្រូវបានក្រសួងសុខា​ភិបាល និងអាជ្ញាធរ សម្រេចដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕