អ្នកប្រើប្រាស់ TikTok រិះគន់សភាអាមេរិក ក្រោយព្យាយាមចង់បិទកម្មវិធីចិន

អន្តរជាតិ

កាលពីពេលថ្មីៗនេះ រដ្ឋសភាអាមេរិកបានកោះហៅនាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew ដើម្បីធ្វើការជីកសួរ ក្នុងគោលបំណងបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ​មាន​ប្រតិកម្មចំពោះបញ្ហាខាងលើ ដោយបាន​បញ្ចេញមតិរិះគន់សភា​អាមេរិក និងការពារ TikTok ហើយថែមទាំងមានការកាត់តវីដេអូ គាំទ្រ​លើ​ពាក្យសម្ដី CEO ជនជាតិសិង្ហបុរី ចំពោះការឆ្លើយសំណួរ​ពីសភាអាមេរិកទៀតផង។

យោងតាម​ការចុះផ្សាយពី NBCN បានឲ្យដឹងថា សឹងតែគ្រប់បុគ្គលល្បីៗនៅលើ TikTok បាន​បញ្ចេញមតិថា សភាអាមេរិករៀបចំសំណួរ​ដែល​គ្មានហេតុផល​ជាច្រើន និងមិនទុកពេល​ឲ្យ​លោក Chew បកស្រាយឡើយ ពោលសួរផ្ចាញ់ក្នុងគោលបំណងចង់បិទក្រុមហ៊ុនតែម្ដង។

បន្ថែមពីនោះ ពួកគេក៏បញ្ចេញអារម្មណ៍រអៀសខ្លួន ដោយសារអាមេរិកជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែបែរជាព្យាយាមបិទ​បណ្ដាញសង្គម ដែលអាចធ្វើការបញ្ចេញមតិដោយសេរី។

ចំពោះបញ្ហាចង់បិទក្រុមហ៊ុន TikTok នេះ រដ្ឋសភាអាមេរិកចោទ TikTok ថា ក្រុមហ៊ុនអាចលួច​ទិន្នន័យប្រជាជនអាមេរិក​ដែលប្រើប្រាស់កម្មវិធីនេះប្រមាណ ១៥០ លាននាក់ ទៅឲ្យរដ្ឋាភិបាល​ចិន ខណៈភាគីចិនចេញមុខអះអាងថា មិនដឹងរឿងអ្វីទាល់តែសោះ ហើយសុំឲ្យអាមេរិក​បញ្ចេញភស្តុតាងដែលចោទប្រកាន់មកលើខ្លួន។

មហាសេដ្ឋកិច្ចអាស៊ីក៏សង្កត់ធ្ងន់ទៀតថា អាមេរិកគួរព្យាយាមផ្ដោត​លើ​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយចិន​ដោយ​ក្ដីសុច្ចរិត មិនគួរណាព្យាយាមរករឿង​បិទ​ក្រុមហ៊ុន​បរទេស​ដែលកំពុង​រីកចម្រើន​នៅ​អាមេរិក​នោះទេ៕