កាលពីថ្ងៃទី ២៣ មីនាកន្លងទៅ លោក Do Kwon ឬមានឈ្មោះពេញថា Kwon Do-hyung ដែលត្រូវបានគេស្គាល់ថា ជាសហស្ថាបនិកក្រុមហ៊ុន Terraform Labsនិងកាក់ឌីជីថល LUNA ដែលបានដួលរលំកាលពីឆ្នាំទៅ ត្រូវបានប៉ូលិសឃាត់ខ្លួនប្រទេស Montenegro។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បុរសវ័យ ៣១ឆ្នាំ បានធ្វើការរត់គេចខ្លួនពីប៉ូលិសអស់រយៈពេលជាច្រើនខែ ហើយទើបតែចាប់ខ្លួនបាននៅពេលព្យាយាមលួចបន្លំឯកសារហោះហើរកូស្តារីការក្លែងក្លាយ។
អតីតមហាសេដ្ឋីកូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ពីឆបោកយ៉ាងធំ បន្ទាប់ពីក្រុមហ៊ុន Terraform Labs ដួលរលំ និងធ្វើឲ្យក្រុមវិនិយោគិនខាតបង់ទឹកប្រាក់ប្រហែល ៤០ពាន់លានដុល្លារ ក៏ដូចជាធ្វើឲ្យទីផ្សារកាក់ឌីជីថលពិភពលោកមានភាពជ្រួលច្របល់ថែមទៀត។

ក្រោយដំណឹងចាប់ខ្លួនលោក Kwon ចេញផ្សាយមិនបានប៉ុន្មានផង សហរដ្ឋអាមេរិកក៏ដាក់ពាក្យប្ដឹងបុរសជនជាតិកូរ៉េខាងត្បូងច្រើនករណីថែមទៀត ដែលពួកគេហៅវាថា “ការក្លែងបន្លំទ្រព្យសម្បត្តិគ្រីបតូរាប់ពាន់លានដុល្លារ” ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរៀបចំឯកសារស្នើធ្វើបត្យាប័នអតីតមហាសេដ្ឋីរូបនេះ៕