នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានពោលសរសើរជនជាតិចិន ពីគំនិតច្នៃប្រឌិតរបស់ពួកគេ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសចិន និងក្រុមហ៊ុនស្មាតហ្វូនអាមេរិក អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Tim កំពុងស្នាក់នៅទីក្រុងប៉េកាំង ដើម្បីត្រៀមចូលរួមវេទិកា China Development Forum ដែលរៀបចំឡើងដោយរដ្ឋាភិបាល បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការគ្រប់គ្រង COVID-19 របស់ខ្លួនកាលពីចុងឆ្នាំមុន។
“ការច្នៃប្រឌិតដ៏ប៉ិនប្រសប់ កំពុងមានការរីកចម្រើនខ្លាំងនៅប្រទេសចិន ហើយខ្ញុំជឿថា វានឹងកាន់តែមានភាពអស្ចារ្យកាន់តែខ្លាំងនាថ្ងៃអនាគត”។ នេះបើតាមសម្ដី CEO នៃក្រុមហ៊ុន Apple បាននិយាយ។
គួររំលឹកដែរថា ដំណើរទស្សនកិច្ចរបស់មេធំ Apple មកកាន់ប្រទេសចិន ចំពេលស្ថានការណ៍រវាងអាមេរិក និងរដ្ឋាភិបាលក្រុងប៉េកាំងកំពុងពាក់មុខយក្សដាក់គ្នា ខណៈ Apple ក៏ព្យាយាមកាត់បន្ថយសង្វាក់ផ្គត់ផ្គង់មកលើចិន និងផ្លាស់ប្ដូររោងចក្រផលិតទៅមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗដូចជានៅឥណ្ឌាជាដើម៕