គណៈរដ្ឋមន្ត្រីចិនចាប់ផ្ដើមបែងចែក និងចេញធ្វើការតាមមុខតំណែងរៀងៗខ្លួន

អន្តរជាតិ

សមាជិកគណៈរដ្ឋមន្ត្រីចិនថ្មី ចាប់ផ្ដើមធ្វើការតាមតួនាទីរបស់ខ្លួន បន្ទាប់ពីប្រកាសតែងតាំង​កាលពីប៉ុន្មានសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃព្រហស្បតិ៍ ឧបនាយករដ្ឋមន្ត្រី Liu Guozhong បានដឹកនាំកិច្ចប្រជុំកសិកម្មថ្នាក់ជាតិ ហើយទីប្រឹក្សារដ្ឋ Shen Yiqin បានចាប់ផ្តើមដំណើរទស្សនកិច្ចអធិការកិច្ចសម្រាប់ការងារ និងកិច្ចការស៊ីវិល។ នេះបើតាមការចុះផ្សាយពី SCMP។

លោក Liu បាន​ប្រាប់ទៅកាន់មន្ត្រី​ថា ត្រូវធ្វើគ្រប់មធ្យោបាយ​ដើម្បីអាច​សម្រេចគោលដៅប្រចាំឆ្នាំ នៃទិន្នផលគ្រាប់ធញ្ញជាតិ ៥៨០ លានតោន ដើម្បីរក្សាសន្តិសុខស្បៀងរបស់ប្រទេស ខណៈ​លោក​ក៏​ធ្លាប់​ប្រកាសថា នឹងរ៉ាប់រងលើបញ្ហាសុខាភិបាលសាធារណៈ ពីអតីតឧបនាយករដ្ឋមន្ត្រី Sun Chunlan។

ដោយឡែក នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាទីប្រឹក្សារដ្ឋ លោកស្រី Shen Yiqin បានធ្វើដំណើរទៅកាន់ខេត្ត Jiangsu សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលផ្តោតលើបញ្ហាការងារ និងបង្ហាញពីទទួលខុសត្រូវលើការបង្កើតការងារ និងកិច្ចការស៊ីវិល។ នេះបើយោងតាមសារព័ត៌មាន Xinhua។

គួររំលឹកដែរថា រដ្ឋាភិបាលក្រុងប៉េកាំងបានកំណត់គោលដៅបង្កើតការងារឲ្យបាន ១២លាន ច្រើនជាងឆ្នាំទៅដែលមានត្រឹម ១១លាន ស្របពេលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក កំពុងប្រឈមនឹង​តម្រូវការ​នាំចេញ​ទាប និងទទួលរងសំពាធពីអាមេរិកផង។

ចំពោះ តួនាទីរបស់ឧបនាយករដ្ឋមន្ត្រី ៣រូបទៀតដូចជា Ding Xuexiang, He Lifeng និង Zhang Guoqing នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយ ប៉ុន្តែអ្នកសង្កេតគោលនយោបាយ​បាន​បង្ហើបថា លោក​ He អាចនឹង​រ៉ាប់រង​មុខតំណែង​សម្រាប់​ស្ថិរភាពហិរញ្ញវត្ថុ និងសន្តិសុខពី​អតីតឧបនាយករដ្ឋមន្ត្រី Liu He ខណៈលោក Zhang នឹងក្លាយជា​បេក្ខភាពគ្រប់គ្រងក្រុមហ៊ុនរដ្ឋរបស់ចិន។

សូមជម្រាបដែរថា តួនាទីក្រុមប្រឹក្សារដ្ឋផ្សេងទៀតត្រូវបានបញ្ជាក់ ដែលក្នុង​​នោះ អតីត​ប្រធាន​បក្ស​កុម្មុយនិស្ត Jiangsu លោក Wu Zhenglong ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រដ្ឋ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​រដ្ឋ លោក Qin Gang ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី លោក Li Shangfu ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី និង Wang Xiaohong ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ៕