ចិន នៅតែបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត សម្រាប់ប្រទេសម៉ាឡេស៊ី ក្នុងរយ:ពេល ១៣ ឆ្នាំចុងក្រោយនេះ ជាមួយនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកត់ត្រាលើសពីចំនួន ២០០ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ កន្លងទៅ ។
បើតាមលោក Tang Rui រដ្ឋមន្ត្រីនៅស្ថានទូតចិន ប្រចាំប្រទេសម៉ាឡេស៊ី បាននិយាយថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ គឺជាកត្តាដ៏សំខាន់បំផុត ក្នុងការឃើញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសេដ្ឋកិច្ចមានការកើនឡើង និងជំរុញតម្លៃពាណិជ្ជកម្មបន្ថែមទៀត ។
យ៉ាងណាមិញ ក្រៅតែពីចិន ដៃគូពាណិជ្ជកម្មកំពូលផ្សេងៗទៀតរបស់ម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២២ គឺមានដូចជាអាស៊ាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងជប៉ុនជាដើម ខណ:ដៃគូកំពូលទាំង ៥ នេះ គឺបានតំណាងឱ្យជាង ៦៧% នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ ។
ដោយឡែក សម្រាប់ការនាំចេញវិញ បើតាមទិន្នន័យដែលទទួលបានពី MITI បានបង្ហាញឱ្យដឹងថា ម៉ាឡេស៊ី ធ្វើការនាំទំនិញទៅកាន់ប្រទេសសិង្ហបុរីច្រើនជាងគេ បន្ទាប់មក គឺប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន ។
គួរឱ្យដឹងផងដែរថា សម្រាប់ទំនិញសំខាន់ៗ ដែលម៉ាឡេស៊ី បាននាំចេញទៅច្រើនបំផុត មានដូចជាផលិតដែក និងដែកថែប គ្រឿងអេឡិចត្រូនិក គ្រឿងអគ្គិសនី ផលិតផលលោហ: ប្រេងដូង ផលិតផលកសិកម្ម ផលិតផលកៅស៊ូ ផលិតផលក្រដាស និងម្សៅ ជាដើម ។
សរុបជារួមមក ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២២ បានឈានដល់កម្រិតខ្ពស់បំផុតមួយ ក្នុងចំនួន ២,៨៥ទ្រីលានរីងហ្គីត (៦៤៣ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ២៧,៨% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ៕