យោងតាមទីភ្នាក់ងារផ្នែកលក់ JLL នៅថ្ងៃចន្ទនេះ បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលមួយរបស់ចិន គឺ Shimao Group ថ្មីៗនេះ កំពុងស្វែងរកលទ្ធភាព ក្នុងការលក់ចេញសណ្ឋាគារមួយរបស់ខ្លួន នៅទីក្រុងហុងកុង ក្នុងតម្លៃ ៦,៥ពាន់លានដុល្លារហុងកុង (៨២៨លានដុល្លារ) ដើម្បីដោះស្រាយបំណុល។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឱ្យដឹងទៀតថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃមួយនេះ កំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងការសងបំណុលក្រៅប្រទេសចំនួន ១១,៨ពាន់លានដុល្លាររបស់ពួកគេ ដែលបានខកខានតាំងពីឆ្នាំមុន ។
យ៉ាងណាមិញ ជុំវិញផែនការខាងលើនេះ បានធ្វើឱ្យក្រុម Shimao សម្រេចចិត្តថានឹងដាក់លក់សណ្ឋាគាររបស់ខ្លួនមួយ ឈ្មោះថា Sheraton & Four Points by Sheraton Tung Chung Hotel ដែលត្រូវបានចាត់ទុកថាជាសណ្ឋាគារធំលំដាប់ទីពីរ នៅក្នុងទីក្រុងហុងកុង និងបានបើកដំណើរការ ចាប់ពីចុងឆ្នាំ ២០២០ មក។
ដោយឡែក ប្រធានភ្នាក់ងារលក់ JLL លោក Oscar Chan បាននិយាយថា អត្រាភ្ញៀវចូលមកស្នាក់នៅក្នុងសណ្ឋាគារនេះ បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចលុបចោលច្បាប់រឹតបន្តឹងការធ្វើដំណើរ កាលពីចុងឆ្នាំមុន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន Shimao រំពឹងថាអាចទទួលបានតម្លៃខ្ពស់ ពីការលក់ចេញសណ្ឋាគាររបស់ខ្លួនមួយនេះ ខណ:ក្រុមអ្នកវិនិយោគក្នុងស្រុកជាច្រើន រួមទាំងក្រុមហ៊ុនអចលនទ្រព្យធំៗ និងមូលនិធិបរទេស សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញយក ៕