យោងតាមរបាយការណ៍ពី Hurun Global Rich List បានបង្ហាញថា ចិនជាប្រទេសមានមហាសេដ្ឋីរស់នៅច្រើនបំផុត បើទោះជាឆ្នាំទៅពួកគេបានបាត់បង់មហាសេដ្ឋីប្រមាណ ១៦៤ នាក់ក៏ដោយ។
ដោយសារជាប្រទេសប្រមូលផ្ដុំមហាសេដ្ឋី ដូច្នេះទីក្រុងធំៗមួយចំនួនរបស់ចិនក៏ជាផ្ទះសម្បែងរបស់ស្ដេចត្រាញ់ទាំងនោះផងដែរ តួយ៉ាង Hurun ក៏បានរាយការណ៍បន្ថែមថា មានទីក្រុងធំៗ ៣ របស់ចិនដែលជាប់ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក។

តទៅនេះគឺជាបញ្ជីឈ្មោះទីក្រុង ៥ ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក គិតត្រឹមឆ្នាំ ២០២២ យោងតាមការចុះផ្សាយពី Hurun៖
៥/ទីក្រុងឡុងដ៍

មិនចម្លែកទេដែលទីក្រុងត្រូវបានគេចាត់ទុកជា មជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំតំបន់អឺរ៉ុប មានមហាសេដ្ឋីរស់នៅទីនោះ ១០១នាក់ ខណៈអ្នកមានដាច់គេប្រចាំទីក្រុងគឺ Jim Ratcliffe ស្ថាបនិក INEOS ដែលមានទ្រព្យសម្បត្តិ ១៥,៣ពាន់លានដុល្លារ។
៤/ទីក្រុងញូវយ៉ក

មានមហាសេដ្ឋីរស់នៅប្រមាណ ១១០នាក់ ខណៈអ្នកមានដាច់គេប្រចាំទីក្រុងគឺ Michael Bloomberg មេធំក្រុមហ៊ុន Bloomberg LP និងជាមហាសេដ្ឋីមានបំផុតលើលោកលេខរៀងទី ០៧។
៣/ទីក្រុងសិនជិន
មានមហាសេដ្ឋីរស់នៅប្រមាណ ១១៣នាក់ ខណៈអ្នកមានដាច់គេប្រចាំទីក្រុងគឺ Ma Huateng ដែលមានទ្រព្យសម្បត្តិប្រមាណ ៤០ពាន់លានដុល្លារ។
២/ទីក្រុងសៀងហៃ

មានមហាសេដ្ឋីរស់នៅប្រមាណ ១២១នាក់ ហើយក្រៅពីជាប់ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតទី២ សៀងហៃក៏ជាទីក្រុងមានបំផុតប្រចាំប្រទេសចិនផងដែរ។
១/ទីក្រុងប៉េកាំង

មានមហាសេដ្ឋីរស់នៅប្រមាណ ១៤៤នាក់ និងជាប់ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុត ២ឆ្នាំផ្ទួនៗមកហើយ៕