ក្រុមហ៊ុន Disney ចាប់ផ្តើមផែនការកាត់បន្ថយបុគ្គលិក ៧ពាន់នាក់របស់ខ្លួន នៅឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Disney (DIS) លោក Bob Iger បានធ្វើការប្រកាសអំពីការចាប់ផ្តើមផែនការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុនទ្រង់ទ្រាយធំ បន្ទាប់ពីមានការប្រកាសកាលពីខែមុន អំពីការកាត់បន្ថយបុគ្គលិកចំនួន ៧ ០០០ នាក់ នៅឆ្នាំនេះ ដើម្បីទប់ទល់នឹងការចំណាយរបស់ក្រុមហ៊ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance បានបង្ហាញពីអ្វីដែលលោក Iger បានជូនដំណឹងទៅកាន់បុគ្គលិកក្រុមហ៊ុនថា ៖ ” នៅសប្តាហ៍នេះ យើងនឹងចាប់ផ្តើមជូនដំណឹងទៅកាន់បុគ្គលិក នៅក្នុងក្រុមហ៊ុន ថាតំណែងពួកគេនឹងត្រូវប៉ះពាល់ ដោយសារតែផែនការកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុន។ ថ្នាក់ដឹកនាំ នឹងធ្វើការទាក់ទងដោយផ្ទាល់ ទៅកាន់បុគ្គលិក ដែលនឹងត្រូវបញ្ឈប់ ក្នុងរយ:ពេល ៤ ថ្ងៃបន្ទាប់។ ហើយសម្រាប់ការជូនដំណឹងបន្ទាប់ នឹងត្រូវធ្វើឡើងនៅក្នុងខែមេសា ជាមួយនឹងការកាត់បន្ថយបុគ្គលិកជាច្រើនពាន់នាក់បន្ថែមទៀត ” ។

លើសពីនេះ លោក Iger ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការប្រកាសអំពីការបញ្ឈប់ការងារបុគ្គលិក នឹងនៅតែត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីឈានដល់គោលដៅកាត់បន្ថយការងារចំនួន ៧ ០០០ កន្លែងរបស់ខ្លួន ដោយលោកក៏បានព្រមានទៀតផងដែរថា បុគ្គលិក ដែលនៅតែបន្តមានវត្តមាននៅក្នុងក្រុមហ៊ុន អាចនឹងប្រឈមមុខជាមួយនឹងការបញ្ឈប់ជានិច្ច នៅពេលខាងមុខ ។

គួរឱ្យដឹងទៀតផងដែរថា ដោយបន្ថែមពីលើផែនការបញ្ឈប់បុគ្គលិក ដែលបានប្រកាសកាលពីខែកុម្ភ: ក្រុមហ៊ុន Disney ក៏បានបង្ហាញពីគម្រោង ក្នុងការៀបចំរចនាសម្ព័ន្ធឡើងវិញ សម្រាប់អាជីវកម្មស្នូលធំៗរបស់ខ្លួនចំនួន ៣ ដែលមានដូចជាផលិតកម្ម Disney Entertainment , ​ទូរទស្សន៍​កីឡា ESPN និងមជ្ឈមណ្ឌលកម្សាន្ត Disney Parks, Experiences and Products ​ផងដែរ ៕