មិនត្រឹមតែអាមេរិក ឥឡូវនេះ ជប៉ុន ក៏កំពុងពិចារណាបិទមិនឱ្យប្រើ TikTok ដែរ

អន្តរជាតិ

កាលពីថ្ងៃចន្ទកន្លងទៅនេះ សមាជិកសភារបស់គណបក្សកាន់អំណាច LDP ជប៉ុន គម្រោងនឹងធ្វើការចងក្រងសំណើមួយ នៅខែក្រោយនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាល ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមដូចជា TikTok ប្រសិនបើរកឃើញថាវាត្រូវបានប្រើប្រាស់ សម្រាប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតនោះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ការប្រកាសនេះ ត្រូវបានធ្វើឡើង ចំពេលសមាជិកសភាអាមេរិកជាច្រើននាក់ កំពុងតែធ្វើការអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីលោក Joe Biden ហាមឃាត់កម្មវិធីបណ្តាញសង្គមដ៏ពេញនិយមបំផុត ដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ បន្ទាប់ពីបានចោទប្រកាន់ថា កម្មវិធីនេះ ត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលយកទិន្នន័យ ក៏ដូចជាការត្រួតពិនិត្យខ្លឹមសារ និងអាចបង្ករគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ ។

ដោយឡែក បើតាមលោក Norihiro Nakayama សមាជិកជាន់ខ្ពស់ម្នាក់នៃបក្សកាន់អំណាច បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសមួយថា ៖ ” ប្រសិនបើវា ត្រូវបានផ្ទៀងផ្ទាត់ឃើញថាកម្មវិធីបណ្តាញសង្គមណាមួយ ត្រូវបានយកមកប្រើប្រាស់ ដោយចេតនាមិនជាក់លាក់ សម្រាប់បម្រើដល់ឥទ្ធិពលរបស់ពួកគេ ចំពោះទង្វើអាក្រក់ យើងនឹងធ្វើការបញ្ឈប់សេវាកម្មនោះភ្លាមៗ ” ។

លើសពីនេះ លោក Nakayama បាននិយាយទៀតថា ៖ ” វានឹងត្រូវធ្វើឱ្យច្បាស់លាស់ មុនពេលកម្មវិធីណាមួយត្រូវប្រកាសឱ្យបញ្ឈប់ប្រតិបត្តិការ ព្រោះថាបច្ចុប្បន្នមានអ្នកប្រើប្រាស់ ១៧ លាននាក់ លើ TikTok ក្នុងប្រទេសជប៉ុន ហើយពួកគេអាចនឹងត្រូវបាត់បង់សិទ្ធិចូលទៅប្រើប្រាស់” ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាល និងស្ថាប័នលោកខាងលិចមួយចំនួនរួចមកហើយ បានធ្វើការហាមឃាត់កម្មវិធី TikTok ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសភាចក្រភពអង់គ្លេស រដ្ឋបាលហូឡង់ ប៊ែលហ្ស៊ិក និងសភានូវែលហ្សេឡង់ ជាដើម ៕