កាលពីពេលថ្មីៗនេះ Jack Ma បានបង្ហាញវត្តមាននៅប្រទេសចិនជាថ្មីម្ដងទៀត បន្ទាប់ពីបាត់មុខអស់រយៈពេលជាងមួយឆ្នាំ ហើយការបង្ហាញខ្លួនសារនេះបានធ្វើឲ្យវិស័យបច្ចេកវិទ្យាក្នុងស្រុករង្គោះរង្គើជាខ្លាំង។
តួយ៉ាង ក្រុមហ៊ុនរបស់លោកផ្ទាល់ Alibaba បានប្រកាសថា មានគម្រោងនឹងបំបែកខ្លួនទៅជា ៦ក្រុមហ៊ុនតូចៗ ដើម្បីអាចរកចំណូលបានបន្ថែម បន្ទាប់ពីរដ្ឋាភិបាលប្រកាសគោលនយោបាយថ្មី ជួយទ្រទ្រង់ដល់វិស័យឯកជនឡើងវិញ។ នេះបើតាមការចុះផ្សាយពី Insideretail។
ក្រុមហ៊ុនខ្នាតយក្សប្រចាំប្រទេសចិនមួយនេះ បានបាត់បង់តម្លៃក្រុមហ៊ុនជិត ៧០% បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការបង្ក្រាបអំពើពុករលួយលើវិស័យបច្ចេកវិទ្យា កាលពីចុងឆ្នាំ ២០២០ ប៉ុន្តែថ្មីៗនេះតម្លៃក្រុមហ៊ុនមានការងើបឡើងច្រើនជាង ១០% វិញហើយ។
ក្រុមហ៊ុន Alibaba បានបង្ហើបថា នេះគឺជាកំណែទម្រង់ធំបំផុតសម្រាប់រយៈពេល ២៤ឆ្នាំ ដោយក្រុមហ៊ុននឹងបែងចែកទៅជា ៦ អាជីវកម្មដូចជា Cloud Intelligence Group, Taobao Tmall Commerce Group, Local Services Group, Cainiao Smart Logistics Group, Global Digital Commerce Group និង Digital Media and Entertainment Group។
ក្រុមហ៊ុនបាននិយាយថា អាជីវកម្មនីមួយៗក្នុងចំណោមអាជីវកម្មទាំងប្រាំមួយនឹងមាននាយកប្រតិបត្តិ ក៏ដូចជាក្រុមប្រឹក្សាភិបាល ហើយនឹងរក្សាភាពបត់បែនក្នុងការបង្កើនដើមទុនខាងក្រៅ និងស្វែងរកការផ្តល់ជូនជាសាធារណៈដំបូង។
ករណីលើកលែងគឺក្រុមហ៊ុន Taobao Tmall Commerce Group ដែលគ្រប់គ្រងអាជីវកម្មពាណិជ្ជកម្មរបស់ប្រទេសចិន ហើយនឹងនៅតែជាអង្គភាពគ្រប់គ្រងទាំងស្រុងពីក្រុមហ៊ុន Alibaba Group៕